2024-03-21 04:03
60

រាជធានីគួឡាឡាំពួរ៖ តារាសម្ដែងសិង្ហបុរីម្នាក់ បាននៅក្នុងបន្ទប់ខុនដូតែ២នាក់ជាមួយនឹងតារាស្រីម៉ាឡេស៊ី ត្រូវបានសមត្ថកិច្ចនាយកដ្ឋានសាសនាអ៊ិស្លាមដែនដីសហព័ន្ធ ចាប់ខ្លួន ព្រោះតែពួកគេ រំលោភលើទំនៀមទម្លាប់ Khalwat ដោយមានការប៉ះពាល់គ្នា។

សារព័ត៌មានរបស់សិង្ហបុរី The Straits Times បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ថា តារាសម្ដែងប្រុសសិង្ហបុរី លោក អាលីហ្វ អាហ្ស៊ីស (Aliff Aziz) និង តារាសម្ដែងស្រីម៉ាឡេស៊ី រូហេនីស (Ruhainies) ត្រូវបានចាប់ខ្លួន ក្រោមការសង័្សយ ថា ពួកគេបានធ្វើផ្ទុយនឹងទំនៀមទម្លាប់ខាល់វ៉ាត់ (Khalwat) ដោយការប៉ះពាល់សាច់គ្នា ឬ រស់នៅជាមួយគ្នា ដោយមិនបានរៀបការ នៅក្នុងការកំណត់ឯកជនភាព។

 ស្របគ្នានេះដែរ តារាស្រី រូហេនីស កាលពីថ្ងៃទី១៤ ខែមីនា បានបង្ហោះសារ នៅតាម Instagram របស់នាង ដោយបានបញ្ជាក់ ថា អាជ្ញាធរមិនបានរកឃើញភស្តុតាងដែលបានកើតឡើង រវាងនាង និង តារាប្រុស អាហ្ស៊ីស នោះឡើយ។ នាងបានអញ្ជើញតារាប្រុស អាហ្ស៊ីស មកបន្ទប់ខុនដូរបស់នាង នៅទីក្រុងកូឡាឡាំពួរ ដើម្បីទទួលទានអាហារពេលល្ងាច ជាមួយនឹងបងប្អូនបង្កើតរបស់នាង ដោយមិនមានអត្ថន័យ លើសពីនេះទេ។ 

 បើទោះយ៉ាងណាក៏ដោយ នៅក្នុងហេតុការណ៍នោះ ក៏មានពេលមួយពួកគេ បាននៅតែម្នាក់ឯង ដោយសារតែបងស្រីរបស់តារាស្រី រូហេនីស បានយឺតយ៉ាវមិនទាន់មកដល់ ដោយសារការស្ទះចរាចរណ៍ ទើបមានរឿងរ៉ាវបែបនេះ កើតឡើង។ ស្របគ្នានេះ តារាស្រីរូបនេះ បានអំពាវនាវដល់សាធារណជន ឲ្យបញ្ឈប់ផ្សព្វផ្សាយនូវពាក្យចចាមអារ៉ាម មិនច្បាស់លាស់ ព្រោះវាអាចបង្ខូចដល់កេរ្តិ៍ឈ្មោះរបស់នាង និង តារាប្រុសសិង្ហបុរី។

 ដោយឡែក តារាសម្ដែងសិង្ហបុរី បានសរសេរនៅតាម Instagram របស់គាត់ ថា ហេតុការណ៍ដ៏អាក្រក់នេះ ពិតជាហួសហេតុណាស់។ គាត់បានសុំទោសដោយលើកឡើង ថា ថ្ងៃក្រោយ គាត់នឹងមានការប្រុងប្រយ័ត្នជាមុន នៅក្នុងការរង់ចាំ នៅក្នុងបន្ទប់ទទួលភ្ញៀវ ជាជាងការនៅក្នុងខុនដូរបស់នាង រូហេសនីស។

 កាសែត The Straits Times បានរាយការណ៍ ថា តារាចម្រៀងស្រីម៉ាឡេស៊ី បែលឡា អាស្ទីលឡះ (Bella Astillah) មានអាយុ២៩ឆ្នាំ ដែលជាភរិយារបស់តារាសិង្ហបុរី រូបនេះ បានដាក់ពាក្យលែងលះ ក្រោយពេលមានហេតុការណ៍បែបនេះកើតឡើងភ្លាមៗ។ គូស្នេហ៍ទាំង២នាក់នេះ បានរៀបការ កាលពីឆ្នាំ២០១៦ ហើយបានបែកគ្នា នៅក្នុងអំឡុងឆ្នាំ២០១៩ ដោយសារតែការចោទប្រកាន់ពីភាពមិនស្មោះត្រង់របស់តារាប្រុសអាហ្ស៊ីស។ ប៉ុន្តែពួកគេបានផ្សះផ្សាគ្នាឡើងវិញ នៅក្នុងអំឡុងឆ្នាំ២០២០ ឥឡូវ ពួកគេមានកូន២នាក់ គឺកូនប្រុសអាយុ៦ឆ្នាំ និង កូនស្រីអាយុ៣ឆ្នាំ៕