2023-05-14 07:05
283

នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២​០២៣ លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានដឹក​នាំកងកម្លាំងនគរបាលចំណុះស្នងការដ្ឋានចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា នៅមុខសារមន្ទីរប្រវត្តិសាស្រ្ដ សាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិ​បាលខេត្តបាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោ​កជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត និងមន្រ្ដីរាជ​ការសាលាខេត្តបាត់ដំបង​ សិស្សានុសិស្សយ៉ាងច្រេីនកុះករផងដែរ។ 

ក្នុងឱកាសដ៏ថ្លៃថ្លា​ វិសេសវិសាលបំផុតនេះយេីងខ្ញុំក្នុងនាមកងកម្លាំងនគរបាលជាតិ​ទូ​ទាំងខេត្តបាត់ដំបងទាំងអស់គ្នា​ សូមព្រះបរ​មរាជានុញ្ញាតលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរត​នត្រ័យកែវទាំងបី ទេវតាថែរក្សាទឹក​ដី នៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ តេជៈបារមី ព្រះឥន្ទ្រ ព្រះព្រហ្ម បុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណា ជាអម្ចាស់ជី​វិត​លើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះបរមសុខគ្រប់ប្រការ និងគង់ប្រថាប់ក្នុងរាជសម្បត្តិប្រក​បដោ​យព្រះពលានុភាពខ្លាំងក្លា ព្រះ​រាជសុខភាពបរិបូរណ៍ ព្រះជន្មាយុយឺន​យូរជាង​រយ​ព្រះវស្សាដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជំ ដល់ប្រជានុរាស្រ្ដរបស់​ព្រះអង្គជានិច្ចនិរន្តរ៍៕