2023-07-12 03:07
168

ខេត្តប៉ៃលិន​ ៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលក្រុងបានឱ្យដឹងថា នៅថ្ងៃទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ប្រហែល​១៥​:២០​នាទី​ កម្លាំងផ្នែកនគរបាលយុត្តិធម៌ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន/អូរតាវ៉ៅ បានចុះល្បាតក្នុងភូមិសាស្រ្តរហូតដល់ចំណុចផ្លូវវាងក្រុង​ ស្ថិត​នៅភូមិ​កូនភ្នំ​ សង្កាត់​អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​ ក៏ប្រទះឃេីញក្មេងទំនេីងមួយក្រុមកំពុងធ្វើសកម្មភាពបង្ហោះម៉ូតូលេីផ្លូវសាធារណៈ​ និង​ឃាត់យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន​ដែលមាន​ឈ្មោះ​ដូច​ខាងក្រោម​៖

១-ឈ្មោះ​ វឿន​ សាវ៉េត​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ រស់នៅភូមិដូង​ ឃុំបឹងរាំង​ ស្រុកកំរៀង​ ខេត្តបាត់​ដំបង​ បើកបរម៉ូតូម៉ាកហុងដាស្គូពី ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1KC-5894(ជាអ្នកថតសកម្មភាពបង្ហោះម៉ូតូ​)។

២-ឈ្មោះ​ ឈិន​ សុជា​ ភេទប្រុស​ អាយុ​១៦​ឆ្នាំ​ មុខរបរសិស្ស​ រស់នៅ​ភូមិដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២០ ពាក់ផ្លាកលេខបាត់ដំបង1AK-5443(អ្នកបង្ហោះម៉ូតូ​)។

៣-ឈ្មោះ ពេជ្រ ម៉េងហួង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង(ជាអ្នកបិទគូទខាងក្រោយ)។

៤-ឈ្មោះ​ អ៊ុន​ ប៊ុន​ធឿន​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​ មុខរបរសិស្ស​ រស់នៅភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ1KC-5894​(អ្នកបង្ហោះម៉ូតូ​)។

៥-ឈ្មោះ រុន បញ្ញា​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​សិស្ស​ រស់នៅ​ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​(ជាអ្នកបិទគូទ​ខាងក្រោយ)។ 

​សមត្ថកិច្ចជំនាញក្រុងបានបន្តថា ក្រោយពីជំនាញធ្វើ​ការ​សាក​សួរ​ក្រុម​ក្មេង​ទំនើង​ទាំង​៥នាក់ បានឆ្លើយសារភាព​ថា​ខ្លួន ពិត​ជា​បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​លេីផ្លូវសាធារណៈ​ និង​បានថតវីដេអូទុកមេីលពិតប្រាកដមែន។

​ករណីខាងលើនេះ ម៉ូតូត្រូវបានកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនដកហូតរក្សាទុកជា​បណ្តោះអាសន្ន​ និងអញ្ជើញអាណាព្យាបាលក្មេងទំនើងទាំង៥នាក់ មកធានា​យកកូនទៅអប់រំណែនាំនៅផ្ទះបន្ថែមទៀត៕