2023-12-09 08:12
264

ភ្នំពេញ៖ ក្រុមជនសង្ស័យ ចំនួន ០៦នាក់ ពាក់ព័ន្ធបទហិង្សាដោយចេតនា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បង្ក្រាបឃាត់ខ្លួន ខណៈពួកគេទាំងពីរក្រុមបើកឆាកប្រយុទ្ធវាយគ្នាទៅវិញទៅមកបង្កការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត្រ។

ហេតុការណ៍នៃអំពើហិង្សខាងលើ កើតឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២៣និង៤០នាទីរំលងអាធ្រាត្រ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦នាក់ ពីបទ «ហិង្សាដោយចេតនា» ប្រព្រឹត្តនៅចំណុច ផ្លូវលេខ២៦៥ កែងផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ឃាត់ខ្លួនជនសង្ស័យក្រុមទី១ រួមមាន៖ ទី១- ឈ្មោះ ជន រិទ្ធី ហៅ ធី ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់គ្រឿងម៉ាស៊ីនរថយន្ត ស្នាក់នៅ ផ្ទះបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និង ទី២- ឈ្មោះ ដោ ប៊ុនហេង ហៅ ហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរ កូនជាងភ្លើង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ចំពោះក្រុមជនសង្ស័យក្រុមទី២ រួមមាន៖ ទី១- ឈ្មោះ ម៉េង ឈួង ហៅ ឈួង ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិក ដឹកឥវ៉ាន់ក្រុមហ៊ុន ស្នាក់នៅឃ្លាំងមិនចាំលេខផ្លូវលេខ ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ទី២- ឈ្មោះ កា បូរិទ្ធ ហៅ តុច ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកដឹកឥវ៉ាន់ក្រុមហ៊ុន ស្នាក់នៅឃ្លាំងមិនចាំលេខផ្លូវលេខ ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ទី៣- ឈ្មោះ កាន បូរ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកដឹកឥវ៉ាន់ក្រុមហ៊ុន ស្នាក់នៅឃ្លាំងមិនចាំលេខផ្លូវលេខ ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និង ទី៤- ឈ្មោះ ស៊ីម ចាន់ថន ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកដឹកឥវ៉ាន់ក្រុមហ៊ុន ស្នាក់នៅឃ្លាំងមិនចាំលេខផ្លូវលេខ ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក  (រងរបួស កំពុងព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម: )។

នគរបាលបានឲ្យដឹងថា ចំពោះវត្ថុតាងចាប់យកមាន ខ្សែក្រវ៉ាត់ ចំនួន ០២ខ្សែ (ចាប់យកពីជនសង្ស័យទាំងពីរនាក់ម្នាក់ ១ខ្សែ) ជារបស់ជនសង្ស័យយក វាយគូទំនាស់ទៅវិញទៅមក, ដុំថ្ម ចំនួន ០៧ដុំ ជារបស់ក្រុមជនសង្ស័យទាំង ២ក្រុមគប់គ្នា ទៅវិញទៅមក។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី។ ចំណែកជនសង្ស័យដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន៕