2024-01-26 04:01
117

ភ្នំពេញ៖ សម្រាប់ការរឹតបន្តឹងការអនុវត្តច្បាប់ចរចរណ៍ផ្លូវគោក និងត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលជាតិអាល់កុលយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឃាត់យានគ្រប់ប្រភេទល្មើសច្បាប់ សរុបចំនួន ២៣៤គ្រឿង នៅទូទាំងរាជធានីភ្នំពេញ ។

 ការរឹតបន្តឹងការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកនេះ អនុវត្តតាមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមបណ្ដាគោលដៅខណ្ឌនានា ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយគ្មានការលើកលែង ចំពោះបុគ្គលណាម្នាក់ឡើយ ហើយយុទ្ធនាការក្តៅគគុកនេះ គឺចាប់ផ្ដើមអនុវត្តនាយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ និងបន្តធ្វើជាប្រចាំតែម្តង ។

 ជាលទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ត្រឹមមួយយប់ថ្ងៃទី២៥ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌនានា ឃាត់យានយន្តល្មើស សរុបចំនួន ២៣៤គ្រឿង (រថយន្ត ០៥គ្រឿង, ម៉ូតូ ចំនួន ២២៩គ្រឿង) មានដូចខាងក្រោម ៖

 ១- ល្មើសជាតិស្រវឹង ចំនួន ២៣គ្រឿង៖ កម្រិត ០.២៥-០.៣៩ mg/L ចំនួន ០៧គ្រឿង អ្នកបើកបរម៉ូតូ ចំនួន០៤នាក់ និងអ្នកបើកបររថយន្ត ចំនួន ០៣នាក់, កម្រិត ០.៤៩ mg/L ឡើង ចំនួន ១៦គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១៤នាក់ និងអ្នកបើកបររថយន្ត ចំនួន០២នាក់ ។

 ២- បទល្មើសផ្សេងៗ ចំនួន២១១គ្រឿង៖ អត់មួកសុវត្ថិភាព ចំនួន ២០៤គ្រឿង, គ្មានកញ្ចក់មើលក្រោយ ចំនួន០២គ្រឿង, កែច្នៃស៊ីម៉ាំង ចំនួន ០២គ្រឿង និងម៉ូតូគ្មានស្លាកកលេខ ចំនួន ០៣គ្រឿង ។

 សូមជម្រាបដែរថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ ក្រសួងព័ត៌មាន និងលើកទិសដៅបន្តឆ្នាំ២០២៥ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ បានធ្វើការណែនាំដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវពង្រឹងការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ ត្រូវធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយជៀសវាងនូវបាតុភាពផ្សេងៗ ដែលអាចកើតមានឡើង ។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីរយៈពេលចុងក្រោយនេះ គេសង្គេតជើញាថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ហាក់កើនឡើងគួរឲ្យព្រួយបារម្ភ ហើយភាគច្រើនអ្នកបើកបរស្ថិតក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង បណ្ដលឱ្យមានអ្នកស្លាប់ និងរបួសធ្ងន់ ជាច្រើននាក់ ៕