2024-04-01 05:04
56

កំពង់ធំ :នៅព្រឹកថ្ងៃទី០១ខែមេសាឆ្នាំ២០២៤ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញចុះពិនិត្យមើលការរៀបចំទីតាំងដើម្បីដាក់បំពាក់សូឡាបំភ្លឺផ្លូវលេខ២៦៤D ស្ថិតនៅតាមបណ្តោយមាត់ស្ទឹងស្ទោងពីឃុំកំពង់ចិនត្បូងទៅឃុំ          ម្សាក្រង។

នៅក្នុងឱកាសនោះដែរ លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាសប្បុរសជនជិតឆ្ងាយសូមបន្តគាំទ្រ ឧបត្ថម្ភ ជាសម្ភារ ថវិកាជាមួយអាជ្ញាធរនិងរដ្ឋបាលស្រុកដើម្បីអភិវឌ្ឍ ស្រុកស្ទោង ជាពិសេសក្នុងការបំពាក់សូឡានៅផ្លូវ លេខ២៦៤D តាមមាត់ស្ទឹងស្ទោង នាពេលនេះ។

ទន្ទឹមនឹងនោះលោកអភិបាលបានគូសបញ្ជាក់ថាការដាក់ដាំសូឡានៅពេលនេះគឺមិនត្រឹមតែជួយបំភ្លឺផ្លូវនៅពេលរាត្រីសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរដោយសុវត្ថិភាពប៉ុណ្ណោះទេ គឺថែមទាំងបានជួយលើកកម្ពស់សោភ័ណភាពស្រុកស្ទោងនិងបង្ហាញឲ្យឃើញពីការរួបរួមសាមគ្គី សហការរវាងប្រជាពលរដ្ឋ និងសប្បុរសជនជាមួយអាជ្ញាធរមូលដ្ឋានជាពិសេសជាមួយរដ្ឋបាលស្រុក ក្នុងការអភិវឌ្ឍន៍ស្រុកឲ្យកាន់តែមានរីកចម្រើនជាលំដាប់ផងដែរ ។

គួរបញ្ជាក់ផងដែរថាការបំពាក់សូឡានៅពេលនេះគឺដាក់អមសងខាងផ្លូវដែលមានចំងាយ២៥ម៉ែត្រក្នុង១ដើម ចាប់ពីចំណុចស្ពានថ្មស្ទឹងស្ទោង ភូមិឈើទាលរហូតដល់ស្ពានភូមិជីយោគ ឃុំកំពង់ចិនត្បូង ដែលគ្រោងនឹងបំពាក់ឲ្យរួចមុនថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ ។