2024-02-13 02:02
83

ភ្នំពេញ៖ ទីបំផុតមន្ត្រីនគរបាលជំនាញផ្នែកចរាចរណ៍រាជធានីភ្នំពេញ ស្រាវជ្រាវ និងឃាត់ខ្លួនអ្នកបើកបរេថយន្តបុកជនរងគ្រោះ ចំនួន ០៣នាក់ ឪពុក និងកូនបណ្តាលឲ្យស្លាប់ម្នាក់ តាមបណ្តោយផ្លូវ៦០ម៉ែត្រជាជនជាតិចិន។ 

មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅវេលាម៉ោង ១១និង១០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ ៦០ម៉ែត្របានហើយ។ 
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ HUANG PENG ភេទប្រុស ជនជាតិចិន មុខរបរ អ្នកត្រួតពិនិត្យបច្ចេកទេសយានយន្ត នៅម្ដុំអូឡាំព្យារ ក្នុងខណ្ឌ៧មករា នៅចំណុចបុរី R & F ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

ប្រភពបន្តថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញរថយន្តបង្កគ្រោះថ្នាក់បុកស្លាប់ និងរបួស ម៉ាក TOYOTA REVO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1520 យកទៅចតប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងបន្តចាប់ខ្លួនអ្នកបើកបរជាជនជាតិចិនតែម្តង។ 

សូមជម្រាបថា កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ មានរថយន្តមិនស្គាល់ម៉ាកបានបើកបុកម៉ូតូ ម៉ាកហុងដាគុប ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AV-8317 របស់ជនរងគ្រោះកំពុងឌុបកូនៗ សរុបមានគ្នា ០៣នាក់ឪពុកកូនពីក្រោយ ខណៈកំពុងធ្វើដំណើរពីត្បូងទៅជើងបណ្តាលឱ្យផ្លោងធ្លាក់ចូលប្រឡាយស្លាប់ម្នាក់ និងរបួស ០២នាក់ ហើយរថយន្តបើករត់គេចបាត់ស្រមោល។ 

ជនរងគ្រោះទាំង ៣នាក់ឪពុកកូនត្រូវបានគេដឹកតាមម៉ូតូកង់បីយកទៅគ្លីកិកឯកជនមានជ័យ១ តែដោយឃើញក្មេងស្រីរងរបួសធ្ងន់បានឱ្យក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យគន្ធបុប្ផាជាអកុសលបានស្លាប់ ក៏ដឹកវិលទៅផ្ទះវិញ។ 

ក្មេងស្រីដែលបានស្លាប់ មានឈ្មោះ សោម ម៉ូលីកា អាយុ១០ឆ្នាំ។ ចំណែកឪពុករងរបួសស្រាល ឈ្មោះ សោម សីហាក់ អាយុ ៣៥ឆ្នាំ និងកូនប្រុសម្នាក់ទៀតឈ្មោះ សោម បញ្ញា អាយុ ៣ឆ្នាំ រងរបួសស្រាល។ ជនរងគ្រោះទាំង ០៣នាក់ឪពុកកូន មានទីលំនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ 

បច្ចុប្បន្នជនជាតិចិនដែលជាជនបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕