2023-10-10 02:10
241

ខេត្តកំពង់ស្ពឺ៖ការឃាត់ខ្លួនបងថ្លៃយកពូថៅកាប់ប្អូនថ្លៃបានធ្វើឡើងកាលពីវេលាទៀបភ្លឺឈានថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅភូមិរំលេចត្នោត ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បុរសជាបងថ្លៃម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងឃាត់ខ្លួន បន្ទាប់ពីបុរសជាបងថ្លៃរូបនោះបានទាញពូថៅកាប់ប្អូនថ្លៃប្រុសបណ្តាលឱ្យរងរបួសចំក្បាល ហើយសាច់ញាតិក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយសារតែខឹងប្អូនថ្លៃតែងតែឈ្លោះ ប្រកែករករឿងខ្លួននិងក្រុមគ្រួសារញយដងពេក ទប់កំហឹងមិនបាន។

នគរបាលស្រុកសំរោងទងបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនបុរសជាបងថ្លៃគឺកម្លាំងជំនាញព្រហ្មទណ្ឌស្រុក សំរោងទងបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិវល្លិ៍សរ បានឃាត់ឈ្មោះ យ៉ែម យ៉ាន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិរំលេចត្នោត ឃុំវល្លិសរ ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ  ដែលបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើឈ្មោះ អ៊ែល សីនា ភេទប្រុស អាយុ ២៣ឆ្នាំ ត្រូវជាប្អូនថ្លៃ នៅផ្ទះជាមួយគ្នា ត្រូវចំក្បាលផ្នែកខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

នគរបាលដដែលបានបន្តថា មុនឈានទៅដល់ការឃាត់ខ្លួនបុរសជាបងថ្លៃរូបនោះគឺ កន្លងមកនិងថ្ងៃកើតហេតុនោះ គឺប្អូនថ្លៃដែលជាជនរងគ្រោះនោះ តែងតែឈ្លោះប្រកែករករឿងក្រុមគ្រួសារ ដោយទ្រាំនូវទង្វើដដែលៗរបស់ប្អូនថ្លៃមិនបាន បុរសជាបងថ្លៃបានទាញយកពូថៅកាប់ចំក្បាលតែម្តងទៅ។

ក្រោយឃាត់ខ្លួននគរបាលជំនាញបានសួរនាំបុរសជាបង ថ្លៃ(ជនសង្ស័យ)ខាងលើ បានឆ្លើយសារភាពថា ខ្លួនពិត ជាបានវាយនិងកាប់ទៅលើជនរងគ្រោះដែលជាប្អូនថ្លៃ បណ្តាលឱ្យរងរបួស ពិតប្រាដកមែន។ ដោយសារតែមូលហេតុរូបគេ ខឹងជនរងគ្រោះតែងបង្ករករឿងឈ្លោះ ប្រកែកជាមួយក្រុមគ្រួសាររហូត។
បច្ចុប្បន្នជនសង្ស័យជាបងថ្លៃ នគរបាលជំនាញកំពុងសាកសួរកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕