2024-03-01 08:03
126

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានស្នើដល់អ្នកផលិតមាតិកាកម្សាន្តនានាត្រូវបញ្ឈប់ការផ្សព្វផ្សាយដែលជំរុញឱ្យមានការបំផ្លិចបំផ្លាញធនធានធម្មជាតិ ដូចជាការបរិភោគសាច់សត្វព្រៃ រុក្ខជាតិកម្រ និងជិតផុតពូជនៅក្នុងពិភពលោកដែលកំពុងធ្វើការអភិរក្ស និងការពារឱ្យបានគង់វង់សម្រាប់កូនចៅជំនាន់ក្រោយបានឃើញ បានស្គាល់ ជាដើម។

ប្រតិកម្មរបស់លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីបានឃើញការផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុកដែលមានគណនីឈ្មោះ «Yorn Khy» ដែលផលិតមាតិកាដោយយកផ្កាបំពង់ក្រឡោមទៅធ្វើជាម្ហូប ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។ 

អ្នកនាំពាក្យរូបនេះ បានធ្វើការអប់រំដោយផ្ទាល់ដល់ម្ចាស់គណនេយ្យខាងលើ និងស្នើឱ្យមានការលប់ចេញពីបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន និងឱ្យបញ្ឈប់ការប៉ុស្តិ៍ធ្វើមុខម្ហូប ដែលធ្វើពីសាច់សត្វព្រៃ ឬរុក្ខជាតិកម្រ និងជិតផុតពូជ នៅក្នុងពិភពលោក ដែលកំពុងត្រូវបានអភិរក្សនិងការពារ ឱ្យគង់វង្សសម្រាប់កូនចៅតជំនាន់។

លោក ខ្វៃ អាទិត្យា បានបន្ថែមថា «បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននឹងកំពុងចាត់វិធានការតឹងរឹង ចំពោះបទល្មើសធនធានធម្មជាតិ ក្នុងនោះ គឺត្រូវអនុវត្តច្បាប់ ១០០% ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធនាធម្មជាតិ»។ លោកបន្ថែមទៀតថា «ជាមួយគ្នានេះការអប់រំជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថ ប្រជាពលរដ្ឋទាំងអស់ មានការយល់ដឹង និងចូលរួមថែរក្សាសត្វព្រៃ និងធនធានជីវៈចម្រុះ ក៏ជាផ្នែកសំខាន់ដែលក្រសួងបាននឹងកំពុងយកចិត្តទុកដាក់»។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានលើកឡើងថា «ការបរិភោគសត្វព្រៃឱ្យធ្វើឱ្យសុខភាព របស់អ្នកបរិភោគ កាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង និងពេលខ្លះប្រឈមនឹងការបាត់បង់ជីវិត»

អ្នកនាំពាក្យរូបនេះ សង្ឃឹមថាអ្នកបង្កើតមាតិការផ្សព្វផ្សាយតាមបណ្តាញសង្គម ចូលរួមបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃជីវៈចម្រុះ នឹងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ការពារព្រៃឈើ សត្វព្រៃ និងជីវចម្រុះឱ្យបានល្អថែមទៀត។ សត្វព្រៃ និងជីវៈចម្រុះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសធានា ដល់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ 

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា យោងតាមការសិក្សារបស់អ្នកជំនាញ «ផ្កាបំពង់ក្រឡោម ឬបំពង់ស្រមោច» ឬអ្នកខ្លះហៅថា «ផ្កាបំពង់លុក» ឬហៅថា «ផ្កាក្រឡូមពារ» ភាសាបច្ចេកទេស Pitcher plants (Nepenthes) គឺជាពួករុក្ខជាតិអាចចាប់សម្លាប់ និងរំលាយសត្វល្អិតជាអាហារ ដែលចូលទៅក្នុងទម្រង់ស្លឹកពិសេសរបស់វា។ រុក្ខជាតិនេះមានដុះនៅតាមតំបន់ការពារធម្មជាតិនានា នៅកម្ពុជាហើយទីតាំងដែលមានឈ្មោះល្បី គឺដូចជានៅលើឧទ្យានជាតិ ព្រះមុនីវង្សបូកគោ នៅតំបន់ខ្នងផ្សារ ក្នុងឧទ្យានជាតិជួរក្រវ៉ាញកណ្តាលជាដើម។

លោក ខ្វៃ អាទិត្យា ក៏បានបញ្ជាក់បន្ថែមថា «រាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់នេះ ត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី២ (Appendix II) នៃអនុសញ្ញាស្តីពី ពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះ (CITES) ដោយមិនអនុញ្ញាតឱ្យមានការជួញដូរនោះឡើយ»។ 

ជាមួយគ្នានេះ មន្រ្តីនាំពាក្យក្រសួងបរិស្ថាន ស្នើសុំប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមថែរក្សា ផ្កាបំពង់ក្រឡោមកម្ពុជាយើង ដើម្បីការពារថែរក្សាពូជឱ្យបាននៅគង់វង្ស និងចូលរួមថែរក្សាសោភ័ណភាព នៅតាមមូលដ្ឋាន នៅតាមរមណីយដ្ឋានធម្មជាតិឱ្យបានស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យមកទស្សនាបានច្រើន បង្កើតការងារជូនសហគមន៍ និងផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ កាន់តែប្រសើរថែមទៀត៕