2023-10-22 10:10
316

ភ្នំពេញ៖ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ យុវជន២នាក់បានជិះម៉ូតូឌុបគ្នាយ៉ាងលឿនហើយបានបើកជែងរថយន្តខាងមុខជ្រុលទៅធ្លាក់ជង្ហុកបណ្ដាលឱ្យដួលត្រូវរថយន្តដឹកខ្សាច់បើកមកពីក្រោយកិនពីលើស្លាប់ម្នាក់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល បង្កឱ្យមានការភ្ញាក់ផ្អើល នៅលេីផ្លូវបេតុងព្រៃស ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ 
   សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ មាស ម៉ាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរអ្នកបើកបររស់នៅភូមិព្រៃចារក្នុង ឃុំព្រៃចារ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងជនរងគ្រោះម្នាក់ទៀតមានឈ្មោះ ឡូញ សុខលីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរព្រូឡាន រស់នៅភូមិឃុំជាមួយគ្នា( អ្នកឌុបរងរបួសស្រាល)។ 
   សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនកើតហេតុយុវជនរងគ្រោះទាំង២នាក់ខាងលេីបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ កំពង់ចាម 1AC-0400 ឌុបគ្នាតាមបណ្តោយផ្លូវបេតុងព្រៃសក្នុងទិសដៅពីកើតទៅលិច ដោយជិះពីក្រោយស្របទិសគ្នាជាមួយនឹងរថយន្តមួយគ្រឿងម៉ាក HINO ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ចង្កូតស្តាំ PP-3534 បើកបរដោយបុរសម្នាក់មានឈ្មោះ នឿន សុីថាវ ភេទប្រុស អាយុ២៨ឆ្នាំ។ ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើដោយភាគីម៉ូតូបានជិះមកវ៉ាជែងរថយន្តពីខាងស្តាំក៏ធ្លាក់ចូលជង្ហុករេចង្កូតដួលនៅពីមុខរថយន្ត ស្របពេលដែលរថយន្តបើកមកពីក្រោយជាន់ហ្រ្វ័ងមិនទាន់ក៏កិនអ្នករួមដំណើរពីក្រោយម៉ូតូបណ្តាលឱ្យស្លាប់ភ្លាមៗ ចំណែកអ្នកបើកម៉ូតូរងរបួសស្រាល ។ ភ្លាមៗនោះដែរប្រជាពលរដ្ឋក៏បានឃាត់អ្នកបើករថយន្តដឹកខ្សាច់ប្រគល់ជូនមន្ត្រីជំនាញចរាចរណ៍ចាត់ការបន្តផងដែរ ។

   ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះមកពិនិត្យនិងធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឱ្យភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕