2023-06-23 05:06
400


   ខេត្តកំពង់ស្ពឺ ៖ សាកសពទារកម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្បែរស្ពានអូរក្រាំងអំបិល ដែលគេយកមកបោះចោលដោយមានរុំសារុងផងនោះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ចយកទៅរក្សាទុកដើម្បីពិនិត្យរកមូលហេតុឱ្យបានច្បាស់លាស់។


   ការប្រទះឃើញសពទារកដែលគេយកមកបោះចោលនេះ បង្កការភ្ញាក់ផ្អើលនៅព្រលប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នៅចំណុចទំនប់បង្ហៀរទឹកអូរក្រាំងអំបិល ខាងត្បូងផ្លូវជាតិលេខ៤ ចម្ងាយប្រហែល៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
   មន្ត្រីនគរបាលស្រុកសំរោងទងបានឱ្យដឹងថា នៅមុនពេលមានការភ្ញាក់ផ្អើលនោះ គឺមានប្រជាពលរដ្ឋបានប្រទះឃើញសាកសពទារកមិនស្គាល់អត្តសញ្ញាណភេទប្រុស អាយុក្រោមមួយសប្តាហ៍ សក់ស្លូត សម្បុរសណ្តែកបាយច្រកក្នុងថង់ ពណ៌ខ្មៅរុំសារុងពណ៌ក្រហម។
មន្ត្រីនគរបាលស្រុកសំរោងទងបានបន្តទៀតថា បើតាមការពិនិត្យរបស់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនិងគ្រូពេទ្យកោសល្យវិច័យ សាកសពទារកខាងលើមានសភាពហើមស្អុយមានរុយរោម ពោះប៉ោង ស្បែកឡើងពងដូចរលាកភ្លើងទៅហើយ។ ផ្នែកក្បាល ដងខ្លួននិងអវយវៈពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់នោះទេ,ទងផ្ចិតមិនទាន់ជ្រុះ មានគាបដង្កៀបពណ៌ខៀវថែមទៀតផង។
   មន្ត្រីនគរបាលស្រុកសំរោងទងបានបញ្ជាក់បន្ថែមថា តាមការសន្និដ្ឋាន សពទារកខាងលើស្លាប់ប្រហែលជាបីថ្ងៃកន្លងទៅហើយ មានអាយុក្រោមមួយសប្តាហ៍។ រីឯមូលហេតុនៃការស្លាប់រង់ចាំជំនាញខាងអង្គភាពការពារកុមារហៅកាត់ថា CPUមកពិនិត្យទើបដឹងច្បាស់។ ចំពោះសាកសពទារកនោះ សមត្ថកិច្ចបានលាងសម្អាត រុំថង់កៅស៊ូក្លាស្សេ រក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ៕