2024-01-23 11:01
95

តាកែវ៖ ករណីលោកមេប៉ុស្តិ៍នគរបាលអង្គតាសោម ស្រុកត្រាំកក់ បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ត្រូវបានប្រធានអង្គភាពកោះហៅឱ្យខ្លួនមកបំភ្លឺ ធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវកគោកដែលបានចែងក្នុងអនុក្រឹត្យ ៣៩ អនក្រ.បក មាត្រាទី ៦ថ្មី ចំណុច (ក) ត្រូវពិន័យចំនួន៦០.០០០រៀល។

ក្រុមការងារ តាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា អំពីការចុះផ្សាយលើបណ្តាញសង្គមលើករណីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម  បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពល្មើសច្បាប់ចរាចរណ៍បណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំង ។ បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ  បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់  កោះអញ្ជើញលោកវរសេនីយ៍ត្រី ទេព  ឬទ្ធី  នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម  មកធ្វើការសាកសួរបំភ្លឺ  និងធ្វើកិច្ចសន្យា តាមបទបញ្ជាផ្ទៃក្នុងអង្គភាព  ព្រមទាំងពិន័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានចែងក្នុងអនុក្រឹត្យ ៣៩ អនក្រ.បក មាត្រាទី៦ថ្មី ចំណុច (ក) ត្រូវពិន័យ ចំនួន៦០.០០០រៀល ចំពោះអ្នកបើកបរទោចក្រយានយន្ត និងអ្នករួមដំណើរ ព្រមទាំងកុមារដែលមានអាយុពី៣ (បី) ឆ្នាំឡើងទៅមិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តង់ដារជាតិ ឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ មហាជនបានថតរូបលោកវរសេនីយ៍ត្រី ទេព  ឬទ្ធី  នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម នៃអធិការដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ បើកបរម៉ូតូពាក់ស្លាកលេខនគរបាល គ្មានពាក់មួកសុវត្ថិភាពយ៉ាងរំភ្លើយ។ បន្ទាប់ពីមានការបង្ហោះចែករំលែកលើបណ្តាញសង្គម ត្រូវបានថ្នាក់លើរបស់ខ្លួនហៅឱ្យចូលបំភ្លឺ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់តែម្តង៕