2023-06-12 11:06
508

ព្រះ​សីហ​នុ៖ ក្រុមជួយសង្គ្រោះចម្រុះបានប្រើរយៈពេលពេលមួយយប់ទល់ភ្លឺ ដើម្បីស្វែងរកបុរសម្នាក់ ដែលបាត់ខ្លួនកាលពីម្សិលមិញ នៅផ្ទៃសមុទ្រមុខឆ្នេរអូរឈើទាល ដោយប្រទះឃើញសពអណ្តែតជាប់នឹងខ្សែពោងក្នុងតំបន់គ្រោះ (ទឹកជ្រៅ)។ 

សពជនរងគ្រោះ ត្រូវបានក្រុមជួយសង្គ្រោះស្វែងរកឃើញ នៅវេលាម៉ោងជាង​ ៩​ព្រឹក ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៣​នេះ។ 

សមត្ថកិច្ចបានឲ្យដឹងថា បុរស​រង​គ្រោះ​ខាងលើ​នេះ មានឈ្មោះ ផេង ពិសិដ្ឋ ភេទ​ប្រុស អាយុ​ ៤៣​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ មុខរបរ​ ជាបុគ្គលិកធនាគារ Pilip bank។ 

សូមរំឭកថា នៅវេលាម៉ោង ១៤និង៣០នាទី នារសៀលថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ ត្រង់ចំណុច មុខហាងលក់ម្ហូបអាហារ ៨៨៨ ស្ថិតនៅឆ្នេរអូរឈើទាល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីបាត់ខ្លួនបុរសជនរងគ្រោះម្នាក់ ខណៈពេលជនរងគ្រោះចុះលេងទឹកសមុទ្រជាមួយកូនប្រុសអាយុប្រហែល ១០ឆ្នាំ និងជួបហេតុការណ៍អាក្រក់រលកធំវាយប្រហារ។ ដោយឃើញស្ថានភាពមិនល្អបុរសជាឪពុកបានព្យាយាមសង្គ្រោះកូនប្រុសចេញៗឧបទ្ទវហេតុនោះផុតពីគ្រោះថ្នាក់ ប៉ុន្តែសំណាងអាក្រក់បុរសជាឪពុកត្រូវរលកសមុទ្រវាយគ្របនឹងបាត់ខ្លួនពីកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុអាជ្ញាធរខេត្តព្រះសីហនុ បានប្រើប្រាស់កម្លាំងរួមដោយសហការជាមួយផ្នែកឯកជនផងនោះ ប្រតិបត្តិការស្វែងរកដើម្បីសង្គ្រោះជនរងគ្រោះដោយការងារបានខិតខំប្រឹងប្រែងអស់លទ្ធភាព ប៉ុន្តែមិនអាចស្វែករកឃើញជនរងគ្រោះភ្លាមៗទេ និងបានបន្តរុករកពេញមួយយប់ លុះព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ទើបប្រទះឃើញសព។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានប្រគល់ជួនក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕