2024-04-10 09:04
25

តាកែវ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ បាននាំគ្នាកាន់បដាធ្វើការតវ៉ានៅមុខសាលាដំបូងខេត្តតាកែវ ដើម្បីស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សើរើសំណុំរឿងឡើងវិញ ដែលមានដើមបណ្តឹងជាអតីតប្រធានការិយាល័យភូមិបាលស្រុកបូរីជលសារ និងបក្ខពួកបានលួចធ្វើប្លង់កម្មសិទ្ធិដីធ្លីរំលោភយកដីអាស្រ័យផលរបស់ពួកគាត់ហើយថែមទាំងប្តឹងពលរដ្ឋចូលទៅតុលាការទៀត ជាពិសេសស្នើសុំការអន្តរគមន៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយរកយុត្តិធម៌ផងដែរ។

សកម្មភាពផ្ទុះការតវារបស់ប្រជាពលរដ្ឋ បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ៍ ទី០៩ ខែមេសា ឆ្នាំ២០២៤ នេះ នៅមុខតុលាការខេត្តតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ដើម្បីទាមទារឱ្យតុលាការខេត្តតាកែវ ទំលាក់បទចោទ និងស្នើសុំដល់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយស្វែងរកយុត្តិធម៌ជូនពួកគាត់ជាប្រជាពករដ្ឋរងគ្រោះ ក្រោយពីអតីតប្រធានការរិយាល័យសុរិយោដីស្រុកបូរីជលសារ បានប្ដឹងពួកគាត់មកកាន់តុលាការខេត្តតាកែវ ចោទប្រកាន់ពីបទ «រំលោភដីអាស្រ័យផល» ខណៈដីទាំងអស់នេះពួកគាត់ជាពលរដ្ឋបានរស់នៅ និងអាស្រ័យជិត ៤០ឆ្នាំកន្លងមកហើយ។

នៅមុខតុលាការខេត្តតាកែវ ប្រជាពលរដ្ឋដែលតវ៉ា បានរៀបរាប់ក្រុមអ្នកសារព័ត៌មានថា បុគ្គលមានឈ្មោះ ញ៉ៅ លី ជាអតីតប្រធានការិយាល័យសុរិយោដី ស្រុកបូរីជលសារ បានប្ដឹងចោទប្រកាន់ពួកគាត់ប្រជាពលរដ្ឋស្លូតត្រង់ ថាបានសង់ផ្ទះរស់នៅ និងអាស្រ័យផលលើដីកម្មសិទ្ធរបស់ខ្លួន ប៉ុន្តែការពិតមិនដូច្នេះទេ ប្លង់ដីរបស់បុគ្គលឈ្មោះ ញ៉ៅ លី មាននោះ គឺទើបធ្វើឆ្នាំ១៩៩៣ប៉ុណ្ណោះ។ ចំណែកពួកគាត់ប្រជាពលរដ្ឋ បានមករស់នៅសង់ផ្ទះ និងអាស្រ័យផលតាំងពីឆ្នាំ១៩៨០ មានទាំងបង្កាន់ដៃទទួលស្គាល់ដោយអាជ្ញាធរភូមិ មេឃុំ ផងដែរ។

ក្រុមប្រជាពលរដ្ឋ បានសំណូមពរឱ្យតុលាការខេត្តតាកែវ មេត្តាទំលាក់បទចោទប្រកាន់ និងស្នើសុំអន្តរាគមន៍ពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សើរើឡើងវិញចំពោះការលួចធ្វើប្លង់ដី ដោយភាពមិនប្រក្រតីរបស់បុគ្គលឈ្មោះ ញ៉ៅ លី កាលនៅជាប្រធានការរិយាល័យភូមិបាលស្រុក រំលោភលើដីរបស់ពួកគាត់ជាពលរដ្ឋ ព្រមទាំងបានប្ដឹងប្រជាពលរដ្ឋទៅតុលាការចោទប្រកាន់ទាំងបំពានថែមទៀតផង។

អតីតមេភូមិអង្គក្រូច បានអះអាងថា «លោកមិនបានដឹងថាដីនៅតំបន់នេះ មានកម្មសិទ្ធិរបស់បុគ្គលឈ្មោះ ញ៉ៅ លី នោះទេ ព្រោះបងប្អូនប្រជាពលរដ្ឋបានរស់នៅជាយូឆ្នាំកន្លងមកហើយសូមថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានកាន់កាប់ដីដោយស្របច្បាប់ផង»។

ក្រោយមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋពលរដ្ឋ អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ បានសេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការលើសំណុំរឿងវិវាទដីធ្លី នោះថាៈ  នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងខេត្តតាកែវ បាននឹងកំពុងចាត់ការសំណុំរឿងរដ្ឋប្បវេណីលេខ ២២២ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដែលមានដើមបណ្តឹងឈ្មោះ ញ៉ា លី, លឹម រ៉ា និងឈ្មោះ សុខ ស៊ឹម ប្តឹងសហចុងចម្លើយឈ្មោះ ហឿ ជា, ម៉ាត់ ឡេ, ម៉ាស់ លុះ, ម៉ាស់ រស់, ហាប់ សុះ, ស៊ឹម សន្តា, ស៊ឹម ចយ, ស៊ឹម ចំ, លោះ ម៉ៅ, សួង សុភ័ក្ត្រ, ឡុង សុខា និងឈ្មោះ ជ្រៃ ស្រីពេញ ឱ្យប្រគល់ដីដែលមានប័ណ្ណសម្គាល់ សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ C, ០០០៩ ទំហំ ៥០,០០០ ម៉ែត្រការ៉េ និងលេខ C3 ០០១២ ទំហំ ៤៦ ៦០០ ម៉ែត្រការ៉េ ស្ថិតនៅភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ មកឱ្យដើមបណ្តឹង។ 

អ្នកនាំពាក្យបានបញ្ជាក់ថា សំណុំរឿងនេះ លោកស្រីចៅក្រម ជ័យ មាលា បានត្រៀមបើកសវនាការម្តងរួចហើយ ប៉ុន្តែត្រូវបានចុងចម្លើយ និងមេធាវីចុងចម្លើយប្តឹងដិតចិត្ត ហើយលោកចៅក្រម គុជ តារាំ ទទួលចាត់ការបន្ត និងបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ដោយបានស្តាប់ចម្លើយរបស់ដើមបណ្តឹង និងចុងចម្លើយបានមួយចំនួន។ ដោយឡែកចុងចម្លើយផ្សេងៗទៀតរួមទាំងប្រជាពលរដ្ឋមួយចំនួនដែលបាន មកសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ត្រូវបានតុលាការកំណត់កាលបរិច្ឆេទស្តាប់ចម្លើយ និងពិនិត្យភស្តុតាងជាបន្តបន្ទាប់នៅពេលក្រោយ។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា ដូច្នេះសំណុំរឿងនេះ កំពុងស្ថិតនៅក្នុងការស្តាប់ចម្លើយ និងពិនិត្យភស្តុតាងនៅឡើយ ហើយគ្រប់ភាគីទាំងអស់ ដើមបណ្តឹង និងចុងចម្លើយ ត្រូវបានផ្តល់សិទ្ធិយ៉ាងពេញលេញដើម្បីផ្តល់ចម្លើយ និងបង្ហាញ ភស្តុតាងបញ្ជាក់ពីសិទ្ធិរបស់ខ្លួន។ នៅពេលបញ្ចប់នីតិវិធី ចៅក្រមនឹងធ្វើការសម្រេចសេចក្តីដោយយោងទៅតាមចម្លើយ ភស្តុតាង របស់គូភាគី និងបទបញ្ញត្តិជាធរមាន។

ពាក់ព័ន្ធករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាច្រើនគ្រួសារជាមួយលោក ញ៉ែម លី អតីតប្រធានការិយាល័យភូមិបាលស្រុកបូរីជលសារ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ ក្រុមការងារ msj tv មិនសុំការបកស្រាយបន្ថែមពីលោក ញ៉ែម លី បានឡើយ៕