2023-10-17 12:10
415

ភ្នំពេញ៖ នៅវេលាម៉ោងប្រហែល ០១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ (គាស់ពីដានចូលលួចសម្ភារ:នៅក្នុងហាងXឡោញ) ដោយឃាត់ខ្លួននៅចំណុចក្រោមស្ពានអាកាស៧មករា ផ្លូវសហព័ន្ទរុស្ស៊ី (ផ្លូវលេខ១១០) ក្រុមទី២៨ ភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចហាងXឡោញ ផ្ទះលេខ៤០ ផ្លូវលេខ៦០៦ ក្រុមទី៤៩ ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២៤ រំលងអធ្រាត្រ។

មន្ត្រីនគរបាលខណ្ឌទួលគោកឲ្យដឹងថា ជនសង្ស័យឈ្មោះ អៀន វុធ ហៅ វុធ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក ស្នាក់នៅមិនពិតប្រាកដ ដោយជនសង្ស័យរូបនេះមានសារធាតុញៀន។
ក្នុងនោះសមត្ថកិច្ចប្រមូលបានវត្ថុតាងរួមមាន ៖
១- កាបូបស្ពាយ ម៉ាកPolo ចំនូន០១ ។
២- សោរមុខ លេខ០៨ចំនួន០២ ។
៣- កន្ត្រៃពណ៌ខ្មៅ ចំនួន០១ (ចាប់យកពីជនសង្ស័យខាងលើ) ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះ ឈ្មោះ ឌឹប រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមេការហាង ស្នាក់នៅបន្ទប់ជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សំភារ:បាត់បង់រួមមាន ៖ ទូរទស្សន៍ចំនួន០១គ្រឿង, កុំព្យូទ័រលើតុចំនួន០១គ្រឿង, ឧបករណ៍បំពងសំឡេង (បាសធំ) ចំនួន០១,ស្រា និងស្រាបៀរមួយចំនួន និងខ្សែភ្លើង។ ជាមួយនោះសំភារ: ខូតខាតមានស្នាមប្រហោងដំបូលពិដាន និងខូតខាតសំភារ:មួយចំនួននៅក្នុងហាង (បណ្តាលមកពីជនសង្ស័យ និងបក្សពួកគាស់នៅពេលធ្វើសកម្មភាព)។
បច្ចប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕