2024-01-15 06:01
116

ភ្នំពេញ ៖     កាលពីវេលាម៉ោង៧ និង ៣០នាទីយប់ថ្ងៃទី ១៤ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវលេខ៣៦៩ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញរថយន្តមួយគ្រឿងមិនចាំម៉ាក បានបុករះម៉ូតូ២គ្រឿង បណ្ដាលឱ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯបុរសម្នាក់ទៀតរបួសធ្ងន់  ។ 
    សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឈិត វណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ ជាប្រជាការពារភូមិសង្កាត់ព្រែកប្រា បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងភូមិអណ្តូង៣ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FE-2113 ។ 
    បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ២នាក់ជិះ ម្នាក់មួយគ្រឿងម៉ាកហុងដាឌ្រីមសង់125 ស៊េរីឆ្នាំ2018 ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1HB- 7253 និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1FE-2113 ស្របគ្នាតាមបណ្តោយផ្លូវ៣៦៩ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើទល់មុខនិងវត្តចំពុះក្អែក  ស្រាប់តែមានរថយន្តបង្កមួយគ្រឿងមិនស្គាល់ម៉ាកបើកលឿនទិសដៅបញ្រ្ចាសគ្នាពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុករះម៉ូតូ២គ្រឿងបណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៥បានបោកក្បាលស្លាប់ភ្លាមៗ ចំណែកឯបុរសភាគីម៉ូតូមួយទៀតបានរងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះ ។ 
      ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់និងធ្វើកំណត់ហេតុយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ បណ្ដោះអាសន្ន ។ ចំណែករថយន្តបង្កសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវតាមឃាត់យកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕