2023-07-10 03:07
299

ព្រៃវែង៖ បុរសម្នាក់ត្រូវជាប់ខ្នោះបានសម្រេច បន្ទប់ពីត្រឡប់មកពីដើរផឹកស៊ីស្រវឹង ពេលមកដល់ផ្ទះប្រពន្ធស្តីបន្ទោសបន្តិចបន្តូចផ្ទុះកំហឹងកើតមានការប្រតាយប្រតប់គ្នារួចបុរសជាប្តីទាញកាំបិតប៉័ងតោមកកាប់សន្ធាប់លើប្រពន្ធ និងកូនស្រីបណ្ដាលឱ្យរងរបួសធ្ងន់ទាំង ០២នាក់ រួចព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តព្រៃវែង ចុះអន្តរាគមន៍តាមប្រមាញ់ និងចាប់ឃាត់ខ្លួនភ្លាមៗ។ 

 ករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើង នៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ពាក់ព័ន្ធករណីនេះ ផ្តើមឡើងដោយសារបុរសជាប្តីដើរផឹកស៊ីស្រវឹង ត្រឡប់មកដល់ផ្ទះវិញប្រពន្ធស្តីបន្ទោសបន្តិចបន្តូចកើតមានកំហឹងឈានដល់ការប្រើប្រាស់ហិង្សាបែបនេះ។

 តាមរបាយការណ៍៍របស់បូលិស បានឱ្យដឹងថា ជនរងគ្រោះទាំង ០២នាក់ម្តាយ និងកូន រួមមាន៖ ទី១- ឈ្មោះ ផល ស៊ាងរ៉ា ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មុខរបរ កសិករ របួស ចំនួន ០៥កន្លែង ដាច់រយះលើផ្ទៃមុខខាងឆ្វេងដាច់រយះលើកំភួនដៃខាងឆ្វេងដាច់ស្បែកក្បាលលើចុងចិញ្ចើមខាងឆ្វេងដាច់ស្បែកក្បាលផ្នែកលើត្រចៀកខាងឆ្វេងដាច់រយះចង្កា រងរបួសធ្ងន់ និងទី២- ឈ្មោះ ចាន់ ឌី ភេទស្រី អាយុ ១៥ឆ្នាំ ជាកូនស្រី រងរបួស ២កន្លែង លើភ្លៅខាងស្ដាំមុតដាច់ចេញឈាម និងរបួសមេដៃខាងស្តាំធ្ងន់។ 

 ដោយឡែកជនសង្ស័យមានឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពរួចហើយព្យាយាមរត់គេចខ្លួនមិនផុតពីកណ្តាប់ប៉ូលិស។

 តាមការបំភ្លឺបានឱ្យដឹងថា មុខពេលកើតហេតុ ជនសង្ស័យបានមកពីផឹកស៊ីនៅខាងក្រៅផ្ទះ ពេលត្រឡប់មកដល់ផ្ទះជនរងគ្រោះឈ្មោះ ផល ស៊ាងរ៉ា ត្រូវជាប្រពន្ធបានស្តីបន្ទោស ជេរប្រមាថ ពេលនោះប្ដីបានឃាត់កុំឱ្យជេរ ប៉ុន្តែជនរងគ្រោះជាប្រពន្ធមិនព្រមឈប់ និងយកទឹកនោមក្នុងកន្ថោរមកជះទៅលើប្ដី រួចរុញបណ្តាលឱ្យដួលទៀត ទើបប្រតាយប្រតប់គ្នាបន្ទាប់មកបុរសជាប្តីដើរទៅចង្ក្រានបាយរួចទាញកាំបិត.ប៉័ងតោកាប់ទៅលើប្រពន្ធជាច្រើនកាំបិត ឃើញស្ថានភាពបែបនេះកូនស្រីឈ្មោះ ចាន់ ឌី មកជួយក៏កាប់ទាំងកូនស្រីទៀត បណ្តាលឱ្យរងរបួសធ្ងន់ទាំង ០២នាក់តែម្តង ។ 

 បន្ទាប់ពីធ្វើសកម្មភាពកាប់ប្រពន្ធ និងកូនរួចបានរត់គេចខ្លួន ទៅផ្ទះមិត្តភក្តិឈ្មោះ ម៉ៅ ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិតាណាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ហើយក៏ត្រូវកម្លាំងនគរបាលខេត្តព្រៃវែង ចាប់ឃាត់ខ្លួនបាននៅទីនោះតែម្តង ។

 បច្ចុប្បន្ន ជនសង្ស័យជាប្តី រួមជាមួយវត្ថុតាង កាំបិតប៉័ងតោ ត្រូវបាននគរបាលឃាត់ខ្លួននាំយកមកអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕