2024-03-01 07:03
85

(បាត់ដំបង)៖   បុរសវ័យចំណាស់ម្នាក់បានលង់ទឹកស្ទឹងសង្កែស្លាប់ភ្លាមៗក្រោយដើររើសអេតចាយនៅមាត់ទឹកកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចខាងត្បូងស្ពានថ្មថ្មី ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។
   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ មៀត ថា ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ។មុនពេលកើតហេតុជនរងគ្រោះបានចុះទៅរើសអេតចាយនៅតាមមាត់ស្ទឹងសង្កែ ខណៈនោះស្រាប់តែរអិលជើងធ្លាក់ចូលទឹក ហើយភ្លាមៗនោះដែរក៏មានប្រជាពលរដ្ឋឃើញក៏បាននាំគ្នាចុះជួយរាវរកដែរ ប៉ុន្តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
   ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចបាន  បញ្ជាក់ថាជនរងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។