2023-09-28 05:09
194

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន២ដុល្លារ និងរាជរដ្ឋាភិបាលសម្រេចផ្ដល់ជូន ២ដុល្លារថែមទៀត ពោល គឺប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត សម្រាប់ឆ្នាំ២០២៤ ឡើងដើ ២០៤ដុល្លារ ក្នុងមួយខែហើយប្រាក់ឈ្នួលអប្បបរមានេះនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ខាងមុខតទៅ។ 

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ 

ទោះបីជាមានកិច្ចប្រជុំសរុបចំនួន ២០លើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករ និយោជិតបានលើកនូវតួលេខ ចំនួន ០២ផ្សេងគ្នា គឺតួលេខ ២០៤ដុល្លារអាម៉េរិក និង ២១៣ដុល្លារអាម៉េរិក។ 

តំណាងភាគីនិយោជក បានលើកនូវតួលេខចំនួន ២០២ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្រ្ត បានកំណត់យកតួលេខ ចំនួន ២០២ដុល្លារអាមេរិក ជាតួលេខចុងក្រោយ។ 

ឈរលើលទ្ធផលនៃការបោះឆ្នោតនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាកំណត់តួលេខ ២០២ដុល្លារអាមេរិកក្នុងមួយខែ ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគោរពរាយការណ៍ជូនរាជរដ្ឋាភិបាល ពិនិត្យនិងផ្តល់អនុសាសន៍បន្ត ស្របតាមមាត្រា១៣ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។ 

ភ្លាមៗនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានសម្រេចផ្ដល់ជូន ២ដុល្លារអាមេរិកថែមទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ នឹងកើនដល់ ២០៤ដុល្លារអាម៉េរិកក្នុងមួយខែ។ 

ក្រៅពីនេះក៏នៅមានការជួយកាត់បន្ថយការចំណាយ រក្សានិងបង្កើនអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត។ ទន្ទឹមនេះ តំណាងភាគីកម្មករនិយោជិតបានគោរពស្នើសុំនូវសំណូមពរ ចំនួន ១៥ចំណុច និងតំណាងភាគីនិយោជក បានគោរពស្នើសុំនូវសំណូមពរចំនួន ១ចំណុច ជូនក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យដោះស្រាយផងដែរ៕