2023-12-14 10:12
110

(ត្បូងឃ្មុំ)៖ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត និងមន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនដល់ជនមានពិការភាពសរុបចំនួន ២០០នាក់ ក្នុងស្រុកតំបែរ ដោយក្នុងមួយម្នាក់ៗទទួលបានអង្ករ១បេ ត្រីខ១ឡូ មី១កេះ ប្រេងឆា១ដប ទឹកត្រី១យូ ទឹកស៊ីអ៉ីវ ១យូ និងថវិកាមួយចំនួនផងដែរ។
    លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចុះសំណេះសំណាល និងផ្តល់អំណោយដើម្បីដោះស្រាយជីវភាពជូនបងប្អូនជនពិការភាពនេះ ក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ "ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌ " ដែលរៀបចំឡើង ក្នុងស្រុកតំបែរ។
   លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ធ្វើឱ្យប្រទេសកម្ពុជា បន្តបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនឈានឡើងលើគ្រប់វិស័យ។
   លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាព បានប្រារព្ធពិធីដ៏មានអត្ថន័យ ដែលធ្វើឲ្យពួកគាត់កាន់តែមានក្ដីសង្ឃឹម និងជឿជាក់លើថ្នាក់ដឹកនាំ ដែលមិនទុកឲ្យគាត់រស់នៅដោយឯកោ និងមានអ្នកស្លាប់ដោយសារគ្មានអាហារនោះឡើយ។
   ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត អភិបាលខេត្ត បានណែនាំគ្រប់មន្ទីរ/អង្គភាព ស្ថាប័ន ព្រមទាំងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ និងមូលនិធិ ជនពិការ ក្នុងការបន្តពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញ រក្សាបាននូវ ទេពកោសល្យ ភាពច្នៃប្រឌិតរបស់ជនមានពិការភាពដែលជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន៕