2023-10-01 04:10
266

(ស្វាយរៀង)៖ លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តស្វាយរៀង និងលោកស្រី ព្រមទាំងសហការី បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។

 ក្នុងឱកាសនោះ លោក ទីវ សុភា បានលើកឡើងថា ពិធីបុណ្យកាន់បិណ្ឌបានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លា ក្នុងពិធីបុណ្យកាន់បិណ្ឌនេះជារៀងរាល់ឆ្នាំសាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនាតែងតែគោរពប្រណិបត្តិនូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់តាំងពីបុរាណ ដែលមានរយ:ពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេសកម្ពុជា។

 លោកបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឱ្យប្រទេសមានសុខសន្តិភាពមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រពិសេសក្នុងខេត្តស្វាយរៀង ដែលមានលោក ប៉េងពោធ៏សា ជាអភិបាលខេត្តស្វាយរៀងផងដែរ។

 លោកបានបន្ថែមថា នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញាណក្ខន្ឌ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។

 សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌនេះ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ របស់ព្រះពុទ្ធសាសនា។ ពិធីនេះមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។​ ក្នុងរយៈពេល១៥ថ្ងៃ នៃពិធីបុណ្យសាសនានេះ​ ពុទ្ធបរិសទ័ជិតឆ្ងាយចំណុះជេីងវត្ត​តែងតែធ្វេីចង្ហាន់វេរប្រគេនព្រះសង្ឃជាប្រចាំ​ ដោយគណកម្មការវត្តឬ​ភូមិបានមូលមតិគ្នាបែងចែកជាវេនដេីម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ​រហូតចប់ពិធីបុណ្យភ្ជុំបិណ្ឌ៕