2023-08-08 01:08
188

កោះកុង ÷ មួយករណីទៀតហើយ បុកក្របីបណ្តាលអោយស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ កាលពីវេលាម៉ោងប្រមាណជាង៩យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចអូរស្រីស្រណោះ លើកំណាត់ផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។

 ក្នុងករណីនេះផងដែរ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយពិនិត្យ និងមានចំណាត់ការផ្លូវច្បាប់ ក៏ដូចជាធ្វើការណែនាំដល់ម្ចាស់កសិដ្ឋានដែលមានចិញ្ចឹមសត្វពាហនៈ ម្តុំខាងលើជួយចងសត្វចិញ្ចឹមរបស់ខ្លួនអោយបានល្អ កុំបណ្តោយអោយមានការដើរពាសវាលពាសកាល និងបង្ករកើតឡើងនូវឧបទ្វហេតុផ្សេងៗបណ្តាលអោយមានការរងរបួស ឬស្លាប់ដូចករណីខាងលើ ។

 សូមបញ្ជាក់ថា កន្លងមកនៅតាមបណ្តាស្រុកមួយចំនួន នៃខេត្តកោះកុងក៏មានករណី រថយន្ត និងម៉ូតូបានបុកសត្វគោ ក្របី បណ្តាលអោយមានការរងរបួសធ្ងន់ស្រាល និងស្លាប់ផងដែរ តែសកម្មភាពព្រលែងសត្វពាហនៈអោយដើរលើផ្លូវនៅតែបន្តមានជាដដែលៗ ។