2023-10-11 09:10
307

(កំពង់ឆ្នាំង)៖ បទល្មើសនេសាទនៅតែបន្តកើតមាននៅតាមបណ្តាភូមិសាស្ត្រមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង ដែលក្រុមជនខិលខូចនៅតែបន្តលួចធ្វើសកម្មភាព បើទោះបីមន្ត្រីជំនាញ និងសមត្ថកិច្ច បាននិងកំពុងបន្តចុះរុះរើកាប់បំផ្លាញ ចោលជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃយ៉ាងណាក៏ដោយ។

ជាក់ស្ដែងចាប់ពីថ្ងៃទី៧-៩ ខែតុលា ឆ្នាំ២០២៣ មន្ត្រីជំនាញរដ្ឋបាលជលផល បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងខេត្តចុះរុះរើ កាប់បំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់អស់ ជាច្រើននៅក្នុងភូមិសាស្ត្រស្រុកកំពង់លែង និងស្រុកជល់គិរី។

ជាលទ្ធផលកម្លាំងចម្រុះបានរុះរើ និងកាប់បំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់អស់ជាច្រើន ដូចជារបាំងស្បៃមុង និងរបាំងសាច់អួនរាប់ពាន់ម៉ែត្រ និងលបលូ រួមទាំងបង្គោលរបាំងធ្នួសរាប់រយដើមយកមកដុតបំផ្លាញចោល ដោយមិនទុកឱ្យប្រើប្រាស់បានទៀតនោះឡើយ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ថា៖ ប្រចាំខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា ពាក់ព័ន្ធនឹងប្រជាពិសាទលួចនេសាទដោយប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ខាងលើនេះ មន្ត្រីជំនាញរដ្ឋបាលជលផលគ្រប់សង្កាត់ និងគ្រប់ផ្នែក តែងតែបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទចុះផ្សព្វផ្សាយ និងអប់រំអំពីច្បាប់ស្ដីពីជលផល និងការនេសាទឱ្យស្របទៅតាមច្បាប់កំណត់នៅតាមបណ្ដាមូលដ្ឋានជាប់បឹងទន្លេសាប ជារៀងរាល់រដូវបិទនេសាទ និងរដូវបើក។

នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដាក់ផែនការយ៉ាងម៉ឺងម៉ាត់ដល់សហគមន៍នេសាទ នាយសង្កាត់នេសាទពាមឆ្កោក និងនាយផ្នែកនេសាទកំពុងប្រាសាទ រួមទាំងនាយសង្កាត់ និងនាយផ្នែកទាំងអស់ត្រូវ តែយកចិត្តទុកដាក់ក្នុងដែនគ្រប់ គ្រងរបស់ខ្លួន ត្រូវធ្វើយ៉ាងណាសហការជាមួយកម្លាំងបញ្ជាការឯកភាពរដ្ឋបាលស្រុក និងសហគមន៍នេសាទចុះបង្ក្រាបរាល់ បទល្មើសនេសាទជាប្រចាំ ដោយបង្ក្រាបឱ្យអស់មិនឱ្យកើតមានបែបនេះទៀតនោះទេ ករណីបង្ក្រាបមិនអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មន្ត្រីរូបនោះត្រូវទទួលខុសត្រូវតាមឋានានុក្រម ជាមួយថ្នាក់លើពិសេសត្រូវទទួលខុសត្រូវនៅចំពោះមុខប្រជាពលរដ្ឋដែលជាម្ចាស់ធនធានធម្មជាតិ។

ករណីនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា «សមត្ថកិច្ចចម្រុះយើង ពិតជាមានការហត់នឿយ ចំពោះការចុះបង្ក្រាបបទល្មើសនេសាទស្ទើរជារៀងរាល់ថ្ងៃ។ យើងត្រូវប្រើប្រាស់កម្លាំ ងសរុបច្រើននាក់ និងត្រូវចំណាយប្រេងចុះបង្ក្រាបម្ដងៗច្រើនរយលីត្រថែមទៀត តែបទល្មើសនេសាទនៅតែកើតមានមិនចេះអស់»។
ករណីនេះ លោកបានដាក់ផែនការជូនលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងរួចហើយ គឺត្រូវស្រាវជ្រាវរកមេខ្លោងធំៗដែលនៅពីក្រោយនៃបទល្មើសដើម្បីចាប់ខ្លួនកសាងសំណុំរឿងបញ្ជូន ទៅតុលាការផ្ដន្ទាទោសផ្ដន្ទាទោស តាមផ្លូវច្បាប់ ពិសេសអ្នកពាក់ព័ន្ធជាខ្នង បង្អែកនៃបទល្មើស ទើបបទល្មើសនេសាទអាចកាត់បន្ថយបាន ឬក៏អាចបំបាត់បានទាំងស្រុងតែម្ដង៕