2023-05-19 06:05
237


ព្រះសីហនុ៖ ថ្ងៃពុធ-ព្រហស្បតិ៍ ១៣-១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧-១៨ ខែឧសភា ឆ្នាំ២០២៣ លោក ចៅ សុភ:ភិបាល អគ្គនាយករង តំណាងឯកឧត្តម សួន ភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ចូលរួមសិក្ខាសាលាស្តីពីគណនេយ្យភាពសង្គម និងកិច្ចប្រជុំលើកទី៩ របស់គណ:កម្មាធិការគ្រប់គ្រងការ អនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស) ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស  ដោយមានការចូលរួម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិក គ.គ.អ.ស តំណាងដៃគូអភិវឌ្ឍន៍ ក្រុមការងារគណនេយ្យ ភាពសង្គម ក្រុមការងារបច្ចេកទេស និងអង្គការសង្គមស៊ីវិលនានាសរុបប្រមាណ៦៤រូប។


សិក្ខាសាលានេះផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន៖ បទបង្ហាញសង្ខេបស្តីពីវឌ្ឍនភាព បញ្ហាប្រឈម និងឱកាសនៃការអនុវត្តការងារគណនេយ្យភាពសង្គមប្រចាំឆ្នាំ២០២២ របស់ផ្នែកផ្គត់ផ្គង់ បទបង្ហាញ សង្ខេបស្តីពីវឌ្ឍនភាព បញ្ហាប្រឈម និងឱកាសនៃការអនុវត្តការងារគណនេយ្យភាពសង្គមប្រចាំឆ្នាំ ២០២២ របស់ផ្នែកតម្រូវការ បទបង្ហាញអំពីប្រព័ន្ធថវិកា និងបច្ចុប្បន្នភាពលិខិតបទដ្ឋានពាក់ព័ន្ធ និង ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ បទបង្ហាញអំពីលទ្ធផលសំខាន់ៗនៃកម្មវិធីវិបស្សនាស្តីពីការអនុវត្តការងារ គណនេយ្យភាពសង្គមរបស់ក្រុមការងារបច្ចេកទេស និងការពិភាក្សាអំពីជម្រើស និងយុទ្ធសាស្ត្រនិរន្តរ ភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម។
ដោយឡែកកិច្ចប្រជុំលើកទី៩ របស់គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យ ភាពសង្គមនៅថ្នាក់ក្រោមជាតិ ផ្តោតលើរបៀបវារៈនានារួមមាន៖ ការពិនិត្យសម្រេច និងការអនុម័តលើឯកសារបច្ចេកទេស និងសៀវភៅណែនាំប្រតិបត្តិស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ផ្នែកផ្គត់ ផ្គង់ ការពិនិត្យសម្រេចនិងអនុម័តលើឯកសារបច្ចេកទេស និងសៀវភៅណែនាំប្រតិបត្តិស្តីពីការងារគណ នេយ្យភាពសង្គមសម្រាប់ផ្នែកតម្រូវការ ការពិនិត្យ និងអនុម័តលើបច្ចុប្បន្នភាពលក្ខខណ្ឌការងាររបស់ក្រុម ការងារបច្ចេកទេសគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ ការពិនិត្យនិងអនុម័តលើផែនការសកម្ម ភាពនៃនិរន្តរភាពការអនុវត្តការងារគណនេយ្យភាពសង្គម និងការពិនិត្យ និងអនុម័តលើកសារស្នើសុំពន្យា ពេលការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមដល់ឆ្នាំ២០២៥។ 
សូមជម្រាបជូនថា៖ គ.គ.អ.ស ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់វេទិកាសម្រាប់ការពិភាក្សាលើការអនុវត្តការងារ រួមទាំងដំណោះស្រាយ និងបញ្ហាប្រឈម ការសេម្រេចចិត្តលើការបង្កើតគោល នយោបាយ ការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ(AWPB) និងការកំណត់ឯកភាពលើតំបន់ គ្របដណ្តប់សម្រាប់ការអនុវត្តការងារគណនេយ្យភាពសង្គម ក៏ដូចជាអនុម័តលើគោលការណ៍ណែនាំ និងឯកសារយុទ្ធសាស្រ្តផ្សេងទៀតដើម្បីគាំទ្រដល់ការអនុវត្តគណនេយ្យភាពសង្គមទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិផងដែរ។
គណនេយ្យភាពសង្គមគឺជាឧបករណ៍ដ៏មានសារ:សំខាន់មួយក្នុងការចូលរួមចំណែកដល់ការពង្រឹង អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ ផែនការអនុវត្តគណនេយ្យភាព សង្គមគឺជាផ្នែក ដ៏សំខាន់មួយនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។ ប្រសិទ្ធភាពនៃការអនុវត្ត ការងារគណនេយ្យភាពសង្គមបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈការលើកកម្ពស់ទំនាក់ទំនងរវាង ប្រជាពលរដ្ឋ និងអ្នកផ្តល់សេវា ក៏ដូចជាការបង្កើនការយល់ដឹងរបស់សហគមន៍អំពីសិទ្ធិស្តង់ដារ និង ការបំពេញការងាររបស់អ្នកផ្តល់សេវាដើម្បីចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់ឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋ និងការកែលម្អការផ្តល់សេវាដោយរដ្ឋបាលថ្នាក់ក្រោមជាតិ៕