2023-12-24 01:12
161

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នេះ នៅក្នងចេញសេចក្តីថ្លែងការណ៍ថា ប្រសាសន៍ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ខែធ្នូ កន្លងទៅឲ្យក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពគ្រូចូលរូបមួយចំនួន គឺមិនបានសំដៅទៅលើ ព្រះអង្គធុត្តុង ព្រះអម្មវនវាសី ចន្ទមុនី នោះឡើយ។
    យោងតាមសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថាៈ ប៉ុន្មានថ្ងៃមកនេះ មានការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងបរិស្ថាន ដែលនាំឱ្យមានការយល់ច្រឡំថា «សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបិទមិនឱ្យព្រះធម្មវនវាសី ចន្ទមុនី និមន្តធ្វើសកម្មភាព ដូចពីមុនទៀត»។
   អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជូនសាធារណជន ឱ្យបានជ្រាបថាៈ «សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពគ្រូបារមីចូលរូបមួយចំនួនដែលកំពុងបំពុលសង្គម ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងបានធ្វើឱ្យប៉ះពាល់ដល់តម្លៃសាសនា និងតម្លៃសង្គម»។

   ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថាៈ «ប្រសាសន៍ណែនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត មិនបានសំដៅទៅលើ ព្រះធម្មវនវាសី ចន្ទមុនី នោះឡើយ គឺចង់សំដៅទៅលើតែគ្រូបារមីចូលរូបមួយចំនួនប៉ុណ្ណោះ»។
   សូមជម្រាបថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ ព្រះសង្ឃធុត្តុង ព្រះធម្មវន វាសី ចន្ទមុនី ព្រះចៅអធិការ វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បានផ្អាកការនិមន្តសម្តែងធម្មទាននានា តាមបណ្តារាជធានី-ខេត្ត វត្តអារាម កម្មវិធីបុណ្យ រួមក្នុងវត្តព្រះផ្ទាល់ក៏ផ្អាកដែរ ព្រោះក្លាចអាជ្ញាធរជួបការលំបាកក្នុងការការពារ និងមានជនមិនល្អឈ្លាតឱកាសប្រព្រឹត្តមិនល្អប៉ះពាល់ដល់សង្គម។
   តាមការបញ្ជាក់របស់ គណៈកម្មការវត្តតាសុត បានឲ្យដឹងថា «ព្រះធម្មវនវាសី ចន្ទមុនី បានសម្រេច រំសាយនូវរាល់ការ ប់ការជួបជុំធំៗ តាមបណ្តា រាជធានីខេត្ត វត្តអារាម ដែលបាននិមន្តព្រះអង្គបូករួមទាំងនៅក្នុងវត្តចន្ទប្បជោត្តនារាម ផ្ទាល់ផង ដែលមានមនុស្សចូលរួមច្រើន រហូតគ្រប់គ្រងសណ្តាប់ធ្នាប់ អនាម័យ និងផាសុខភាព សុវត្តិភាព ជូនដល់ប្រជាពលរដ្ឋមិនបានល្អបង្កឲ្យមានរូបភាពមិនល្អនៅក្នុងសង្គម»។
   សូមបញ្ជាក់បន្ថែមថា ក្នុងមួយរយៈពេលចុងក្រោយនេះ នៅលើបណ្តាញសង្គមសង្កេតឃើញមានក្រុមគ្រូមន្តអាគមអូមអាមចូលរូប បារមីសណ្ឋិតចេញមកព្រោងព្រាត និងធ្វើសកម្មភាពផ្សព្វផ្សាយបំពុលសង្គន និងសកម្មភាពប៉ះពាល់ដល់បុព្វបុរសខ្មែរ និងវិស័យព្រះពទ្ធសាសនា ជាសាសនារបស់រដ្ឋ ទើបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិនិត្យលើបញ្ហានេះ ប៉ុន្តែសម្តេចធិតី នាយករដ្ឋមន្ត្រី មិនសំដៅលើ ព្រះសង្ឍធត្តុង ព្រះធម្មវនវាសី ចន្ធមុនីឡើយ៕