2023-11-21 02:11
300

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រួមដំណើរជាមួយបុរសជាជនជាតិចិនម្នាក់ទៀត បើករថយន្ត Ford Ranger មួយគ្រឿងបត់ឆ្លងផ្លូវទៅបុកជាមួយម៉ូតូហុងដាឌ្រីមកិនជាប់បណ្ដាលឱ្យរងការខូចខាត តែសំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល ហើយភាគីទាំងពីរប្រកែកគ្នាយកត្រូវរៀងៗខ្លួន។

   ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣  នៅត្រង់ចំណុចភ្លើងស្តុប ២៤ ម៉ោង តាមបណ្ដោយផ្លូវសម្ដេចជា ស៊ីម កែងនឹងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយនឹងបុរសជាជនជាតិចិនម្នាក់ទៀតបើករថយន្តFord Ranger មួយគ្រឿងពណ៌ខ្លាញ់ក្តាម ពាក់ស្លាកលេខភ្នំពេញ2AZ-2225 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ុងរិទ្ធីក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចត្រង់ភ្លើងស្តុបបែកជាបួនបានបត់ឆ្វេងដៃមកផ្លូវហាណូយឆ្ពោះទៅទិសខាងត្បូងក៏ជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JZ-1173 ជិះដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើងបត់ឆ្វេងដៃមកផ្លូវសម្ដេចជា ស៊ីម ឆ្ពោះទៅទិសខាងលិចបណ្ដាលឱ្យកិនជាប់ពីលើម៉ូតូរងការខូចខាត តែសំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល។ ភ្លាមៗនោះភាគីទាំងសងខាងបានប្រកែកគ្នាយកត្រូវរៀងៗខ្លួន។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឱ្យភាគីទាំងពីរសម្របសម្រួលគ្នាដោយមានសមត្ថកិច្ចមូលដ្ឋានជួយធ្វើការសម្របសម្រួលផងនោះ ទើបភាគីទាំងពីរបានព្រមព្រៀងគ្នាដោយភាគីខាងរថយន្តបានចេញសំណងចំនួន៣០ម៉ឺនរៀលទៅឱ្យខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕