2024-04-05 03:04
47

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានថ្លែងថា ពិភពលោកកំពុងទទួលរងឥទ្ធិពលពីរលកកម្ដៅ ដោយសារតែឥទ្ធិពលបាតុភូតអែល នីណូ(EI Nino) ធ្វើឱ្យកម្ដៅកើនឡើង រួមនឹងកម្ពុជាផងដែរ ខណៈប្រទេសជិតខាងដូចជាវៀតណាម ថៃជាដើមក៏ទទួលឥទ្ធិពលកម្ដៅដូចគ្នា។

មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់នៅព្រឹកថ្ងៃសុក្រទី០៥ ខែមេសា ឆ្នាំ២០២៤យ៉ាងដូច្នេះថា៖ បាតុតូតនេះ នឹងកើតមានរហូតដល់ខែ ឧសភា ទើបមានការថយចុះ ខណៈនៅអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សីតុណ្ហភាពស្ថិតនៅក្នុងរង្វង់ ៤០ អង្សា ដោយលោកបញ្ជាក់ថា បើគិតអំពីសីតុណ្ហភាពអប្បរមាមធ្យមមិនដល់កម្រិតនោះទេ ប៉ុន្តែនៅក្នុងមួយថ្ងៃៗ វាមានការឡើងដល់កម្រិតអតិបរមាខ្ពស់បំផុត ជាពិសេសចន្លោះពីម៉ោង ១១ ឬម៉ោង ១២ តំបន់ខ្លះអាចដល់ ៤០ ឬ៤១ នៅក្នុងរយៈពេលខ្លីមួយ ហើយនឹងថយចុះវិញ។

គួរជម្រាបជូនថា ក្រសួងធនធានទឹក កាលពីដើមខែមីនាកន្លងទៅនេះ ក៏បានព្រមានពីការបន្តឡើងកម្ដៅសីតុណ្ហភាព នៅរវាងខែមីនាដល់ដើមខែឧសភាឆ្នាំ២០២៤ ដោយសារកម្ពុជាបន្តរងបាតុភូតសកលអែលនីណូ(EI Nino)ខ្ពស់ជាង៧០ភាគរយ ចាប់ពីខែមីនាដល់ខែមេសា ហើយចាប់ពីខែឧសភាទៅបាតុភូតនេះនឹងថយចុះ២០ភាគរយ។

បាតុភូត EI Ninoធ្វើខ្យល់ក្តៅ ទឹកក្តៅ បង្កឱ្យមានមហន្តរាយធម្មជាតិ និងផលវិបាកអាកាសធាតុខ្លាំង ដូចជាបានបង្កើនកម្តៅនៃភពផែនដី និងធ្វើឱ្យមានការប្រែបួលអាកាសធាតុខ្លាំងនៅតាមតំបន់ជាច្រើនមិនចំពោះតែកម្ពុជា។ ផលវិបាកនៃបាតុភូតអែលនីញ៉ូ នឹងធ្វើឱ្យមានភ្លៀងព្យុះកំណាច រាំងស្ងួតចម្លែក ប្តូររដូវ ប្តូរទម្លាប់អាកាសធាតុ។ កន្លែងខ្លះមានភ្លៀងច្រើនជ្រុល កន្លែងខ្លះកាន់តែរាំងស្ងួតខ្លាំង។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានបញ្ជាក់បន្ថែមថា អាកាសធាតុក្ដៅហើយស្ងួតនេះនាំឲ្យកើតមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា៕