2024-02-11 04:02
72

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
   សមត្ថកិច្ចប្រាប់ថាៈ កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធៀនឆៃ ចាន់តាក់ផៃលូត ហៅ សាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅចំណុចមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទ ម៉្សៅក្រាមសថ្លា (ម៉ាទឹកកក) ចំនួន០២កូនថង់កិប ទម្ងន់២,២៧ក្រាម, ម៉ូតូចំនួន ០១គ្រឿង (ម៉ាកZOOMER-X ពណ៌ខ្មៅ គ្មានផ្លាកលេខ), ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាក REDMI ពណ៌ខៀវ),ខ្សែកជ័រពណ៌ខ្មៅ មានបណ្តោងរូបព្រះចំនួន០១ខ្សែ។ 
  លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនពេលបង្រា្កបករណីខាងលើនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានទទួលព័ត៌មានពីសន្តិសុខថា មានករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ។ ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រុងប៉ោយប៉ែត ដឹកនាំដោយលោកផ្ទាល់ បានចុះទៅដល់ចំណុចកើតហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាង ហើយនាំមកកាន់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធីតែម្ដង។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបាន ទិញគ្រឿងញៀនមកទុកលក់ផង និងទុកសម្រាប់ប្រើប្រាស់ខ្លួនឯងផង។
   ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រុងប៉ោយប៉ែតបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។ 
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

  ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕