2024-01-16 02:01
86

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី១៦​ ខែមករា​ ឆ្នាំ​២០២៤នេះថា​៖ មន្រ្តីជំនាញផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលប្រចាំតាមបណ្ដាសាខា​ រាជធានី-ខេត្ត​ បានយកចិត្តទុកដាក់ចុះត្រួតពិនិត្យទំនិញដែលកំពុងនឹងចរាចរលក់នៅលើទីផ្សារ ដែលក្នុងនោះមានទំនិញខ្លះត្រូវបានធុរជនខិលខូចមួយចំនួនបានបន្លំ ដោយលក់នូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ការដាក់នៅសារធាតុគីមីហាមឃាត់ គ្មានអនាម័យត្រឹមត្រូវ កេងចំនេញគ្រប់បែបយ៉ាងពីអ្នកប្រើប្រាស់ និងធ្ងន់ធ្ងរប៉ះពាល់សុខភាព។ 

 ជាក់ស្ដែង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ ដើម្បីបន្តនូវការការពារសុខុមាលភាពប្រជាពលរដ្ឋ មន្រ្តីជំនាញបានត្រួតពិនិត្យលើមុខទំនិញប្រមាណជាង ១០០មុខដែលជាម្ហូបអាហារបម្រើឱ្យជីវភាពប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំផងដែរ។ 

 ក្នុងប្រតិបត្តិការនោះ​ទំនិញខូចគុណភាព និងផ្ទុកនូវសារធាតុគីមីហាមឃាត់ចំនួន ១៤៤.៨៣គីឡូក្រាមត្រូវបានមន្រ្តីជំនាញ ក.ប.ប. ដកហូតក្រោយរកឃើញថាមានហានិភ័យ និងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ។ លទ្ធផលនៃការរកឃើញខាងលើគឺធ្វើឡើងក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្ដាល ខេត្តព្កោះកុង ខេត្តតាកែវ និងខេត្តស្វាយរៀង នាថ្ងៃទី១២-១៥ ខែមករា ឆ្នាំ២០២៤នេះ។ 

 ជាមួយគ្នានេះផងដែរមន្រ្តីជំនាញក៏បានធ្វើការផ្សព្វផ្សាយអប់រំអំពីចំណេះដឹងផ្នែកច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធម្ហូបអាហារជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិេសសអាជីវករដែលជាអ្នកលក់ដូរស្រាប់ឱ្យបានយល់អំពីផលប៉ះពាល់នៃសារធាតុគីមីហាមឃាត់ និងទោសទណ្ឌដែលនឹងត្រូវពិន័យក្រោយរកឃើញថាខុសនឹងច្បាប់ដែលបានចែង៕