2024-03-14 11:03
67

ភ្នំពេញ៖ ត្រឹមតែរយៈពេល ៦៣ថ្ងៃ នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំណុំរឿងអត្រានុកូលដ្ឋាន ចំនួន ៦,៨០០ សំណុំរឿង ស្មើនឹង ៩៩% នៃចំនួនសំណុំរឿងដែលនៅសល់មុនពេលចាប់ផ្ដើមយុទ្ធនាការ ត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋ និងមានការអបអរសាទពីប្រជាពលរដ្ឋយ៉ាងខ្លាំង។ 

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងយុត្តិធម៌ បានឲ្យដឹងនៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ។ 
ក្រសួងយុត្តិធម៌ ក្នុងនាមគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថា្នក់ដឹកនាំ និងមន្ត្រីទាំងអស់នៃសាលាជម្រះក្តី ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល។ 
ក្នុងរយៈពេល ៦៣ថ្ងៃ ក្រោយពីក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនាការ “ពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាព នៃយុត្តិធម៌” ដែលរួមមាន៖ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការ ត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤, សាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស បានផ្តោតអាទិភាពខិតខំដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋានបានចំនួនប្រមាណ ៦,៨០០ សំណុំរឿង ស្មើនឹង ៩៩% នៃចំនួនសំណុំរឿងដែលនៅសល់មុនពេលចាប់ផ្ដើមយុទ្ធនាការ។

បន្ថែមពីនេះ សាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស ក៏បានដោះស្រាយនូវសំណុំរឿងអត្រានុកូលដ្ឋានដែលចូលថ្មីជាបន្តបន្ទាប់ក្រោយពេលចាប់ផ្ដើមយុទ្ធនាការ បានចំនួនសរុបប្រមាណ ១,០៤០ សំណុំរឿង ផងដែរ។ 

ក្នុងនោះក្រសួងយុត្តិធម៌ សង្ឃឹមយ៉ាងមុតមាំថា តួអង្គពាក់ព័ន្ធទាំងអស់នឹងបន្តចូលរួមកាន់តែសកម្មបន្ថែមទៀត សំដៅរួមចំណែកធ្វើឱ្យយុទ្ធនាការ “ពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាព នៃយុត្តិធម៌” អាចសម្រេចលទ្ធផលបានស្របតាមទិសដៅ និងផែនការដែលបានគ្រោងទុក៕