2023-11-16 01:11
251

កោះកុង ÷ អាជីវរលក់ដូរ និង មហាជនមួយចំនួន បានរិះគន់ លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ ថាមិនបានយកចិត្តទុកដាក់ទាល់តែសោះ ចំពោះការរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារផ្នែកខាងក្រៅ ដែលធ្វើឱ្យសាធារណ:ជនមួយចំនួនមិនពេញចិត្ត ចំពោះការ ឱ្យមានដាក់លក់ដូរនៅលើដងផ្លូវសាធារណ: និងការចតម៉ូតូពាសពេញដងផ្លូវ ពិសេសឱ្យដាក់លក់នៅខាងមុខ និងក្នុងបរិវេណកន្លែងផ្ញើរម៉ូតូ ដែលធ្វើអោយទីតាំងចតម៉ូតូចង្អៀត រហូតមានការចតម៉ូតូផ្ញើរនៅលើដងផ្លូវសាធារណៈទៀតផង ។

តាមការលើកឡើងពីមហាជន និងអាជីវករ លក់ដូរមួយចំនួន បានឲ្យដឹងថា ទីតាំងកន្លែងផ្ញើម៉ូតូសព្វថ្ងៃ និងបណ្ដោយផ្លូវមុខពាណិជ្ជកម្មចាស់ កាលនៅប៉ូលីសក្រុងគ្រប់គ្រង មានការរៀបចំសណ្ដាប់ធ្នាប់ល្អប្រសើរ ដោយមិនមានការចតម៉ូតូ ឬដាក់តុលក់នៅលើចិញ្ចើមផ្លូវនោះទេ  មានតែផ្លូវចូលផ្សារប៉ុណ្ណោះ ដែលបង្កការកកស្ទះជាញុឹកញាប់ ព្រោះប្រធានផ្សារជាអ្នកគ្រប់គ្រង និងឱ្យអាជីវករដាក់លក់ សងខាងផ្លូវ ចាប់ពីចិញ្ចើមផ្លូវមុខរហូតដល់ក្នុងផ្សារដូចសព្វថ្ងៃនេះអញ្ចឹង តែពេលដែលអាជ្ញាធរក្រុង បានដកហូតទីតាំងខាងលើ មកប្រគល់អោយទៅខាងអ្នកគ្រប់គ្រងផ្សារ ជាអ្នករៀបចំ ត្រឡប់ទៅជារុះរើរនាំងដែកចេញ និងបណ្តែតបណ្តោយអោយម៉ូតូចតគ្មានសណ្តាប់ធ្នាប់នៅលើផ្លូវសាធារណៈ រួមទាំងបណ្តោយអោយអាជីវករលក់ដូរពាសពេញដងផ្លូវជាហេតុបណ្តាលអោយមានការកកស្ទះចរាចរ សម្រាប់អ្នកធ្វើដំណើរចេញ/ចូលតាមបណ្តោយផ្លូវមួយខ្សែរនេះផងដែរ ។


ជុំវិញបញ្ហាខាងលើ លោកម៉ក់ ណុច ប្រធានផ្សារដងទង់ បានបញ្ជាក់តាមទូរស័ព្ទថា ការរុះរនាំងដែកចេញ ដែលផ្ទុយពីលក្ខន្ធរបស់រដ្ឋបាលក្រុងនោះ គឺជាសិទ្ធិរបស់អ្នកវិនិយោគ ម៉្យាងវិញទៀត ការដាក់រនាំងដែកបាំងរបស់ប៉ូលីសនោះ គឺវាខុសច្បាប់គោលការហេតុនេះ គឺលោកត្រូវតែរុះរើចេញ ។

ចំពោះរឿងតូបលក់ដូរនៅលើចិញ្ចើមផ្លូវខាងលិចផ្សារ គឺខាងប៉ូលីសជាអ្នកអនុញ្ញាត ចំពោះការយកប៉ាស្សី ឬមិនយកក៏លោកមិនអាចបញ្ជាក់បានដែរ រឿងនេះលោកមិនអាចឆ្លើយជំនួសបាននោះទេ បើចង់ដឹងច្បាស់ទៅសួរខាងប៉ូលីសវិញចុះ ។ 

ការឆ្លើយតបរបស់លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ ហាក់ដូចជាមិនបានគោរពតាមការណែនាំរបស់អាជ្ញាធរក្រុងទាល់តែសោះ ដោយលោកសំអាងថា ខ្លួនជាអ្នកវិនិយោគផ្សារ ការធ្វើបែបណានៅជុំវិញផ្សារ គឺជាសិទ្ធរបស់អ្នកវិនិយោគ ដោយមិនចាំបាច់ត្រូវស្តាប់តាមអ្នកណានោះឡើយ ។

សូមបញ្ជាក់ថា អាជ្ញាធរក្រុងខេមរភូមិន្ទ បានដកហូតទីតាំងខាងលើមកប្រគល់ឲ្យ លោក ម៉ក់ ណុច ប្រធានផ្សារជាអ្នកគ្រប់គ្រងវិញ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៣ ដោយឱ្យប្រធានផ្សារអនុវត្តចំនួន៣ចំនុច÷ ១-មិនឱ្យមាន ការដាក់លក់ ឬដាក់តុលក់ដូរត្រីសាច់បន្លែផ្លែឈើនៅជួរចិញ្ចើមផ្លូវមុខពាណិជ្ជចាស់ ខាងលិចផ្សារ និងមិនឱ្យរុះរើរបងដែលជារបាំង និងប៉ុស្តិ៍សណ្តាប់ធ្នាប់នៅកន្លែងផ្ញើរម៉ូតូ។

២- មិនឱ្យយកលុយពីប្រជាពលរដ្ឋលក់ដូរកញ្ច្រែងល្អី។
៣- ឱ្យប្រធានផ្សាររៀបចំសណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ ជុំវិញផ្សារដងទង់។

ប៉ុន្តែក្រោយពីទទួលបានសិទ្ធិគ្រប់គ្រងទាំងស្រុង ក្នុងរយៈពេលការរៀប ចំសណ្តាប់ធ្នាប់ឃើញមានរបៀបរាបរយបាន៤ទៅ៥ថ្ងៃតែប៉ុណ្ណោះ ក្រោយមកការរៀបចំសណ្តាប់ធ្នាប់ ទាំងការលក់ដូរមានភាពរញ៉េរញ៉ៃ ដាក់លក់ពាសពេញលើចិញ្ជើមផ្លូវ ខ្លះដាក់លក់នៅក្នុងចំណតផ្ញើរម៉ូតូ បង្កឱ្យម៉ូតូចតពាសពេញលើផ្លូវសាធារណ: ដែលជាហេតុធ្វើអោយមានកកស្ទះចរាចរ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។