2023-12-22 10:12
129

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចកែច្នៃគ្រឿងញៀន ករណីជួញដូរ រក្សាទុកគ្រឿងញៀន ដោយចាប់ខ្លួនជនបរទេស ចំនួន ០៤នាក់ ដោយរឹបអូសគ្រឿងញៀនជិត ៦០គីឡូក្រាម និងសារធាតុផ្សំជាង ៣០០គីឡូក្រាម។ 
    ការបង្ក្រាបនេះ អនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ 
    សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ កម្លាំងជំនាញ (ក១១) ដឹកនាំដោយឧត្តមសេនីយ៍ទោ ស៊ី ផល្លា, លោក ជាវ តុលា នាយករង មន្ទីរ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលពី លោក ស៊ន មុនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណី ជួញដូរ រក្សាទុកគ្រឿងញៀន នៅពីរគោលដៅផ្សេងគ្នា។ 
   គោលដៅទី១- នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និង គោលដៅទី២- ក្នុងបុរីមួយកន្លែង ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 
   កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់ រួមមាន៖ ទី១- ឈ្មោះ XIE JIE ភេទប្រុស ជនជាតិចិន កើតថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៦, ទី២- ឈ្មោះ LE MINH HUY ភេទប្រុស ជនជាតិវៀតណាម កើតថ្ងៃទី០៨ ខែមករា ឆ្នាំ២០០២, ទី៣- ឈ្មោះ TRAN NGOC PHAT ភេទប្រុស ជនជាតិវៀតណាម កើតថ្ងៃទី០៦ ខែមករា ឆ្នាំ២០០១ និង ទី៤- ឈ្មោះ ZANG PEIPEI ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩០។

    សម្រាប់វត្ថុតាងដែលចាប់យកបាន រួមមាន៖ សារធាតុញៀន ប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២៦ គីឡូក្រាម និង៤៦ក្រាម, សារធាតុញៀន មេតំហ្វេតាមីន (ICE) ទម្ងន់ ២៨ គីឡូក្រាម និង៣៨០ក្រាម, សារធាតុញៀន ប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៨៣២ ក្រាម, សារធាតុញៀន នីមេតាហ្សេប៉ាម ទម្ងន់ ២ គីឡូក្រាម ៩៦៦ក្រាម។ សរុបគ្រឿងញៀន ទម្ងន់ ៥៨ គីឡូក្រាម និង២២៤ ក្រាម ជាមួយសារធាតុផ្សំបង្កើនបរិមាណ ទម្ងន់ ៣៣៦.៤០ គីឡូក្រាម និងសារធាតុមិនច្បាស់ ៣ គីឡូក្រាម និង៩៦៦ ក្រាម។

   បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងរឹបអូសបាន ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕