2023-08-26 12:08
142

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោសេង លុច អធិការនគរបាលស្រុកថ្មគោល នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះថា៖ កម្លាំងនគរបាលជំនាញស្រុក បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀន។ 

លោកអធិការស្រុក បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគីនៃអធិការដ្ឋាននគរបាលស្រុក នៅថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទី នៅចំណុចក្រុមទី ១៩ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តន៏ដីកាបង្គាប់ ឱ្យចាប់ខ្លួនលេខ៥៦៧ត.ព្រ ចុះថ្ងៃទី០៨ខែ សីហាឆ្នាំ២០២៣របស់លោក គា សីហា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២៣បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនត្រូវចោទឈ្មោះ ខុន ភិរិត ហៅប្រុស ភេទប្រុស អាយុ ៤៣ឆ្នាំមានទីលំនៅក្រុមទី១៩ ភូមិ ពពាលខែ ឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដបងត្រូវបានចាប់ខ្លួននិងរៀបចំឯកសារបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនីតិវិធី៕