2024-03-04 02:03
73

សមភាពយេនឌ័រគឺជាកត្តាចម្បងក្នុងការធានានូវចីរភាព នៃសន្តិភាព និងការអភិវឌ្ឍន៍ស្ត្រីគឺជាតួអង្គ ដ៏សំខាន់ និងចាំបាច់ក្នុងការធានាបាននូវប្រសិទ្ធភាព បរិយាប័ន្ននិងនិរន្តភាពយូរអង្វែង សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី គឺជារបៀបវារៈដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងក្លា ដើម្បីជំរុញឱ្យក្លាយជាកម្លាំងចលករចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ។នេះជាលើកឡើងរបស់ លោក ឯក ឃុនដឿន អភិបាលខណ្ឌ ប្ញស្សីកែវនៅក្នុងពិធីសំណេះ សំណាល អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតនារី៨មីនា ឆ្នាំ ២០២៤ក្រោមប្រធាន បទ "ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជី ថល"នារសៀលថ្ងៃទី០២ ខែ មីនា ចុងសប្តាហ៍កន្លងទៅនេះនៅមជ្ឈមណ្ឌលម៉ូឌែន៥ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

នៅក្នុងឪកាសនោះលោកអភិបាលខ័ណ្ឌបានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពរបស់កម្ពុជា បានដាក់ចេញនូវ ការងារលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ជាវិស័យអាទិភាពដាច់ដោយឡែកក៏ដូចជាវិស័យការងារក្នុងវិស័យអាទិភាពដទៃទៀតផងដែរ។

ជាមួយគ្នានោះដែរ លោកជំទាវ ទូច សារ៉ុម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌឫស្សីកែវ ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីខាងលើនេះបានមានប្រសាសន៍ថា សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧត្ដមប្រឹក្សា ព្រះមហាក្សត្រនិងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍តែងតែយកចិត្តទុកដាក់ចំពោះស្ត្រី ជាពិសេសសម្ដេចកិត្តិសង្គហបណ្ឌិតតែងតែគាំទ្ររាល់សកម្មភាពរបស់ស្ត្រី ដោយលើកទឹកចិត្តស្ត្រីធ្វើជាដៃគូសម្រាប់ធ្វើកិច្ចការនៅក្នុងសង្គម។ ដូច្នេះស្ត្រីត្រូវតែប្រឹងប្រែងធ្វើគ្រប់កិច្ចការទាំងអស់ស្ត្រីត្រូវមានសមត្ថភាព ចំណេះដឹង ដើម្បីដឹកនាំកិច្ចការងារក្នុងសង្គម និងក្រុមហ៊ុនឯកជន ឬអង្គការមិនមែនរដ្ឋាភិបាលបានដូចបុរសដែរ។

លោកជំទាវ ទូច សារ៉ុម បញ្ជាក់ទៀតថា ប្រមុខរាជរដ្ឋាភិបាលបានលើកកម្ពស់សមភាពយេនឌ័រចូលរួមរាល់កិច្ចការងារនៅ ក្នុងជួររាជរដ្ឋាភិបាលចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ចំណែកការកសាងអភិវឌ្ឍប្រទេសទទួលបាននូវការរីកចំរើន ស្ត្រីគឺជាធនធនមនុស្សដ៏សកម្មផងដែរ ៕