2023-05-29 08:05
350

ស្ទឹងត្រែង៖ ក្រុមប្រជាពលរដ្ឋ ជាជនជាតិដើមភាគតិច «ព្រៅ» ទាំងក្មេងទាំងចាស់បាននាំគ្នារៀបចំពិធីឡើងអ្នកតាតាមទំនៀមទំលាប់ប្រពៃណីតាំងពីដូនតា ដើម្បីសុំសេចក្តីសុខចម្រើន គេចផុតពីជំងឺអុតត្បាតចង្រៃនានា និងសុំឱ្យម្ចាស់ទឹក ម្ចាស់ដី ព្រៃប្រឹក្សា អ្នកតា វល្លិ៍តាមជួយថែរក្សាបីបាច់កូនចៅចៀសផុតទុកសោកចង្រៃទាំងពួង និងបង្កបង្កើនផលស្រែចំការទទួលបានទិន្នផលខ្ពស់។

បងប្អូនប្រជាពលរដ្ឋ ជនជាតិដើម «ព្រៅ» រស់នៅក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ពិធីឡើងអ្នកតានេះ គឺជាទំនៀមទម្លាប់ប្រពៃណីមានតាំងពីបុរមបុរាណយូលង់ណាស់មកហើយ ដោយរ៉ៃអង្គាសថវិកាក្នុងមួយគ្រួសារ ចំនួន ២ម៉ឺនរៀល ដើម្បីទិញជ្រូកមួយក្បាលរៀបចំពិធីសែនអ្នកតាមនាពេលនេះ។
      
ពិធីឡើងអ្នកតារបស់ជនជាតិដើម «ព្រៅ» នៅភូមិកាតូត ពួកគាត់មូលមតិគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុងមួយឆ្នាំមាន ២ដង គឺធ្វើនៅខែមាឃ ១ដង ខែពិសាខ ឬជេស្ឋ ១ម្តងទៀត។
       
ចាស់ព្រឹទ្ធាចារ្យក្នុងភូមិកាតូត មានវ័យជាង ៦៧ឆ្នាំ ជាចាស់ទុំក្នុងភូមិនេះ បាននិយាយរៀបរាប់ប្រាប់ថា «តាមក្បួនបុរាណពីដូនតា អារក្សអ្នកតាមានបីនាក់ ដែលចូលរួបស្រ្តី ស្លៀកពាក់ស ហើយក្នុងនោះមានអ្នកតាម្នាក់កាចណាស់ ទើបអ្នកភូមិតែងប្រារព្ធធ្វើពិធីឡើងអ្នកតាមិនដែលខកខាន»។  ចាស់ទុំប្រចាំភូមិបានឱ្យដឹងទៀតថា គ្រួសារនិមួយៗចូលរួមទាំងក្មេង និងចាស់ ដោយចាស់ៗមានថាសម្នាក់មួយដាក់មាន់ស្ងោ ទានធូប ពងមាន់ ពងទាស្ងោឆ្អិន អង្ក ស្លារ ម្លូរបង្អែម អន្សម ទៅចូលរួមយកថ្វាយដល់អារក្សអ្នកតាក្រៅពីនេះ ក៏មានស្រាពាងមួយល្មមសម្រាប់បឺតជុំគ្នាផងដែរ។


ចំពោះទីតាំងរៀបចំពិធីឡើងអ្នកតាមា នខ្ទមតូចមួយដែលគេសង់នៅឆ្ងាយពីភូមិបន្តិច មានរូបចម្លាក់ឈើចំនួន ២តំណាងឱ្យអ្នកតាប្រុស និងអ្នកតាស្រី។ ពេលរៀបចំពិធីមានស្រ្តីវ័យចំណាស់ម្នាក់ ស្លៀកពាក់ស ពាក់បូរ ពាក់អំបោះលើក្បាល ស្លៀកសំពត់ធម្មតា និងមានបុរសចាស់ម្នាក់ទៀង កាន់បំពង់ឬស្សីជាអ្នកភ្លុំខ្លុយ និងពីរនាក់ទៀត ជាអ្នកទះស្គរ ដោយប្រគុំបទភ្លេង ស្រ្តីចាស់ស្លៀកពាក់ស ឡើងរាំទៅតាមចង្វាក់ភ្លេង ហៅថាពិធីបញ្ជាន់ «អារក្ស» បន្ទាប់ពីស្រ្តីនោះឡើងរាំ ចូលរូបអារក្សមួយសន្ទុះមកគេក៏សម្រាក ហើយចាប់ផ្តើមយកខ្សែអំបោះ ពណ៌សចងដៃអ្នកចូលរួមនោះ ក្នុងបំណងសុំក្តីសុខ និងរូបចម្លាក់ឈើ តំណាងឱ្យអ្នកតាប្រុស អ្នកតាស្រី អ្នកចូលរូបបានយកអំបោះសចងនឹងកគេនាំគ្នាជូតរូបចម្លាក់ឈើ និងស្រោចទឹក ប្រោះព្រហ្មសុំសុខសប្បាយតាមជំនឿ។

បើសិនជាអ្នកភូមិមិនបានប្រារព្ធធ្វើពិធីឡើងអ្នកតាទេនោះ អ្នកភូមិមានជំនឿថា «មានអ្នកកើតជំងឺដងកាត់ឈឺស្លាប់បន្តបន្ទាប់ ឬកើតឧបទ្វេវហេតុអាក្រក់កើតឡើង ផលដំណាំក្នុងភូមិក៏ពុំបានផលល្អឡើយ»។ សម្រាប់អ្នកដែលចូលរួមទាំងអស់ជាពិសេសចាស់ៗពេលរៀបចំពិធី គឺនិយាយជាភាសា «ព្រៅ» ជាប្រពៃណីមានតាំងពីដូនតាជនជាតិដើមភាគតិច។
        
ក្រុមយុវវ័យអ្នកជំនាន់ក្រោយជនជាតិភាគដើម «ព្រៅ» បានយល់ឃើញថា «ក្នុងនាមអ្នកជំនាន់ក្រោយចង់អភិរក្សប្រពៃណីវប្បធម៍របស់ខ្លួនឱ្យនៅគង់វង្ស។ បើមិនមានការចូលរួមថែកមរក្សាប្រពៃណីនេះទេវានឹងបាត់បង់បន្តិចម្តងៗរហូតទៅតែម្តង»។
      
បន្ទាប់បញ្ចប់ពិធីឡើងអ្នកតា ទាំងចាស់ទាំងក្មេងបានជុំគ្នាផឹកស្រាចម្អិនសាច់ជ្រូកនៅក្បែរខ្ទមអ្នកតានោះផឹកស៊ីសប្បាយយ៉ាងរីករាយ។ ម្យ៉ាងទៀត ការជួបជុំគ្នានេះ ហាក់បង្ហាញពីសាមគ្គីភាពរស់នៅក្នុងសង្គមសន្តិភាពផងដែរ៕