2023-12-04 11:12
150

រតនគិរី៖ ទីបំផុត! ម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» ក្រុងបានលុង ខេត្តរតនគិរី ក្រោយរងការចោទប្រកាន់ពីក្រុមគ្រួសារអ្នកជំងឺក្នុងការព្យាបាលដាក់សេរ៉ូម ចំនូន ០៥កំផ្លោកបណ្តាលឲ្យប្រតិកម្មថ្នាំក្រកាច់ស្លាប់ភ្លាមៗ ត្រូវបានតំណាងអយ្យការចោទប្រកាន់រួចរាល់ហើយចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធធនាគារខេត្ត រងចាំបន្តនិតិវិធីច្បាប់។
   តាមប្រភពច្បាស់ការណ៍ដែលស្និតនឹងតុលាការ បានបង្ហើបឲ្យដឹងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ជនត្រូវចោទឈ្មោះ លុយ ទី ជាម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» ដែលមានទីតាំងស្ថិតក្នុង ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានចៅស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធធនាគារ ដោយសារតែព្យាបាលអ្នកជំងឺម្នាក់ បណ្តាលឲ្យស្លាប់មកពីប្រតិកម្មថ្នាំ។
   គួរជម្រាបថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ មានករណីស្លាប់អ្នកជំងឺម្នាក់ នៅក្នុងឱសថស្ថាន យីហោ «ពន្លឺសុខភាព» ជនរងគ្រោះមានឈ្មោះ ប្រាក់ សុភាព ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កម្មករចៀរជ័រកៅស៊ូ និងមានប្រពន្ធឈ្មោះ ឈួន ស្រីរ័ត្ន អាយុ ២៩ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង បង្កឲ្យមានការភ្ញាកផ្អើលយ៉ាងខ្លាំង បន្ទាប់ពីក្រុមគ្រូពេទ្យបានព្យាបាលអ្នកជំងឺ។
   ស្ត្រីឈ្មោះ ឈួន ស្រីរ័ត្ន ត្រូវជាប្រពន្ធអ្នកជំងឺដែលស្លាប់ បានរៀបរាប់ប្រាប់ប៉ូលិសថា ក្រោយប្តីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួល ក៏បានដឹកយកទៅពិនិត្យ និងព្យាបាលក្នុងឱសថស្ថាន យីហោ «ពន្លឺសុខភាព» ខាងលើ ក្រោយម្ចាស់ឱសថស្ថានពិនិត្យ និងឆ្លុះអេកូរួចរាល់ប្រាប់ថាមិនមានបញ្ហាអ្វីទេ ទើបមានបុគ្គលិកឱសថស្ថានបានធ្វើការព្យួរសេរ៉ូម ចំនួន ០២កំផ្លោក (ធំ១ តូច១) ពេលអស់ដាក់សេរ៉ូមបន្តថែម ចំនួន ០២កំផ្លោក ទៀត។ 
   លុះរហូតដល់ម៉ោង ៥និង៣០នាទីល្ងាច សេរ៉ូមបានអស់ ហើយបុគ្គលិកពេទ្យចាប់ផ្ដើមដាក់សេរ៉ូមកំប្លោកទី៥ ក៏ចាប់ផ្តើមមានអាការៈមិនស្រួលទៅៗ និងធ្វើទុកខ្លាំង ទើបគ្រូពេទ្យឲ្យថ្នាំពេទ្យម្សៅម្យ៉ាងឲ្យដាក់ចូលទៅក្នុងទឹកដើម្បីឲ្យផឹក ប៉ុន្តែមិនធូរស្បើយទេអ្នកជំងឺកាន់តែយ៉ាប់ខ្លាំងលោកគ្រូពេទ្យបានផ្ដាច់សេរ៉ូមចេញ។
   ស្ត្រីជាប្រពន្ធជនរងគ្រោះ បានបន្ថែមទៀតថា ក្រោយដកសេរ៉ូម ប្តីរបស់គាត់បានប្រកាច់ប្រកិន ក្រញ៉ង់ដៃ ក្រញ៉ង់ជើងបាត់ស្មារតី ទើបលោកគ្រូពេទ្យ ឈ្មោះ លុយ ទី ជាម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» បានមកធ្វើចលនាបេះដូង ប៉ុន្តែទោះបីខំធ្វើចលនាបេះដូងយ៉ាងណាក៏គ្មានប្រយោជន៍ដែរ ព្រោះប្តីរបស់គាត់លែងដកដង្ហើម បេះដូងឈប់លោត។ ភ្លាមៗនោះម្ចាស់ឱសថស្ថាន បានលើកសពប្ដីរបស់លោកស្រីដាក់រថយន្តផ្ទាល់ខ្លួនរួចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរីតែម្តង។
   គួររំឭកថា ម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» មានឈ្មោះ លុយ ទី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធធនាគារម្តងរួចហើយ ដោយឃុបឃិតជាមួយបក្ខពួកឈ្មោះ ហេង រតនា អ្នកកាន់ឃ្លាំងឱសថពីបទ «លួចថ្នាំពេទ្យជាច្រើនប្រអប់តម្លៃរាប់ម៉ឺនដុល្លារ ក្នុងឃ្លាំងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី»៕