2023-10-24 02:10
292

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាល ហៃណាន-កម្ពុជា ក្រោមប្រធានបទ «បច្ចេកទេសបង្ការ និងកំចាត់ជំងឺគ្រុនចាញ់» ដែលសហការរៀបចំដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ អគ្គនាយកដ្ខានរដ្ឋបាលផ្នែកបង្ការ និងគ្រប់គ្រងជំងឺនៃខេត្តហៃណាន ប្រទេសចិន។

វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការអញ្ជើញពី លោក វ័ង ស៊ាងសឹ លេខាទី១ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពជា និងលោកស្រី ឈិន ថាវអគ្គនាយករងរដ្ឋបាលផែ្នកបង្ការ និងគ្រប់គ្រងជំងឺនៃខេត្តហៃណាន និងមានសិក្ខាកាមកម្ពុជាចូលរួមសរុបចំនួន៣០រូប អញ្ជើញមកពីបណ្ដាខេត្តចំនួន២១។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ក៏បានថ្លែងអំណរគុណចំពោះ លោកស្រីសាស្ត្រាចារ្យ You You TU ជាជនជាតិចិនដែលបានទទួលពានរង្វាន់ណូបែលផ្នែកវេជ្ជសាស្ត្រនៅឆ្នាំ២០១៥ ដោយបានរកឃើញ ឱសថឈ្មោះ Artemisinin សម្រាប់ព្យាបាលជំងឺគ្រុនចាញ់ ដែលអាចជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ ដែលជាការរួមចំណែករបស់ប្រទេសចិនក្នុងសុខភាពសាកល។

វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដែលចែកចេញជា ការសិក្សាដោយផ្ទាល់ជាមួយអ្នកជំនាញសុខភាពសាធារណៈរយៈពេល៣ថ្ងៃ និង២ថ្ងៃទៀតជាការធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ និងទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពចំបក់ និងជួបជាមួយអ្នកស្ម័គ្រចិត្តគ្រុនចាញ់ភូមិរំដួលថ្មី។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានថ្លែងអំណរគុណ ដល់ប្រតិភូខេត្តហៃណានប្រទេសចិន ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍សម្រាប់មន្ត្រីសុខាភិបាលកម្ពុជា ដើម្បីបង្កើនចំណេះដឹង និងជំនាញបន្ថែមទៀតក្នុងការតាមដានគ្រប់គ្រង និងព្យាបាលជំងឺគ្រុនចាញ់ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។
លោកអគ្គនាយកបច្ចេកទេសសុខាភិបាល ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំ ដើម្បីកម្ពុជាឈានទៅសម្រេចគោលដៅជាតិ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងឆ្នាំ២០២៥៕