2024-01-20 11:01
86

ខេត្តកំពង់ឆ្នាំង៖ បុគ្គលិកអគ្គីសនីម្នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់នៅលើបង្គោលអគ្គិសនី ខណ:ដែលជនរងគ្រោះបានឡើងទៅដោះខ្សែភ្លើងចេញដើម្បីរំកិលបង្គោលចេញ ។
   ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ១០និង១០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រែកល្វា ស្ថិតក្នុងភូមិភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា៖ មុនកើតហេតុជនរងគ្រោះបានឡើងទៅលើបង្គោលភ្លើងដើម្បីដោះខ្សែភ្លើងរំកិលបង្គោលចេញកុំឱ្យទើសផ្លូវប្រជាពលរដ្ឋបើកបរឆ្លងកាត់។ ពេលនោះជនរងគ្រោះបានឡើងទៅលើបង្គោល បានប៉ះខ្សែភ្លើងបណ្ដាលឱ្យឆក់ជនរងគ្រោះសន្លប់បាត់មាត់ឈឹងនៅលើបង្គោល។ ពេលឃើញបែបនេះក្រុមការងារខាងអគ្គិសនីបាននាំគ្នាឡើងទៅយកជនរងគ្រោះចុះមកដីរួចបានលើកជនរងគ្រោះដាក់លើរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ពេលទៅដល់មន្ទីរពេទ្យជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
   ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ សុខ តេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ជាក្រុមការងារអគ្គិសនីខេត្តកំពង់ឆ្នាំង រស់នៅភូមិទឹកល្អក់ ឃុំក្រាំងលាវ  ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
   ក្រោយពេលធ្វើការពិនិត្យសាកសពរួចរាល់ហើយត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕