2023-09-27 05:09
233

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជា (Digital Community of Cambodia) ជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអង្គភាព មន្ត្រីរាជការនៃ ក.ប.ទ. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃគ្រឹះស្ថានអប់រំ និងវិស័យឯកជនជាច្រើនរូប។

ថ្នាលសហគមន៍ឌីជីថលកម្ពុជា ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ជាពិសេស ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលបំណងប្រមូលផ្តុំអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា សហគ្រិនឌីជីថល និងអ្នកមានគុណវុឌ្ឍិបច្ចេកវិទ្យាឌីជីថល ព្រមទាំងសិស្ស-និស្សិត ដើម្បីអាចបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរនិងបច្ចេកវិទ្យាឌីជីថល លើកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ ជំរុញការរីកចម្រើននៃវិស័យឌីជីថល ឈានទៅដល់ការកសាងមូលធនមនុស្ស ឱ្យក្លាយទៅជាពលរដ្ឋឌីជីថល (Digital Citizen) នៅកម្ពុជា។

រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា ថ្នាលសហគមន៍ឌីជីថលកម្ពុជា គឺពិតជាមានសារៈសំខាន់ និងភាពចាំបាច់ ដែលអាចចូលរួមអភិវឌ្ឍធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាឌីជីថលទាំងក្នុងនិងក្រៅប្រទេស ដើម្បីធានាបាននូវភាពជោគជ័យនៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងការអនុវត្តបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

លោករដ្ឋមន្ត្រី បានបន្ថែមថា សហគមន៍ឌីជីថលកម្ពុជានេះ ជាថ្នាលប្រមូលផ្តុំ និងផ្សព្វផ្សាយដល់វិស័យសាធារណៈ វិស័យឯកជន គ្រឹះស្ថានអប់រំ និងសាធារណជន ឱ្យយល់ដឹងជ្រួតជ្រាបអំពីវិស័យឌីជីថលនៅកម្ពុជា ព្រមទាំងផ្តល់អត្ថប្រយោជន៍ដូចជា៖
១. សម្រាប់រាជរដ្ឋាភិបាល៖ កៀរគរអ្នកមានគុណវុឌ្ឍិបច្ចេកវិទ្យាឌីជីថល ឱ្យចូលរួមក្នុងការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត ទំនុកចិត្តប្រជាពលរដ្ឋ និងអាចកំណត់បាននូវតម្រូវការ និងការផ្គត់ផ្គង់កម្លាំងការងារឌីជីថលក្នុងប្រទេស។
២. សម្រាប់វិស័យឯកជន៖ អាចជ្រើសរើសបុគ្គលិកដែលមានចំណេះជំនាញបច្ចេកវិទ្យាឌីជីថលតាមតម្រូវការ។
៣. សម្រាប់គ្រឹះស្ថានអប់រំ៖ ជួយឱ្យសិស្ស-និស្សិតអាចអភិវឌ្ឍចំណេះដឹង បទពិសោធន៍ បង្កើតទំនាក់ទំនង ឱកាសហាត់ការឬចុះកម្មសិក្សា ឱកាសការងារ និងអាចស្វែងរកនិងទទួលបានអាហារូបករណ៍ ពី ក.ប.ទ.។
៤. សម្រាប់អ្នកបច្ចេកវិទ្យាឌីជីថលវ័យក្មេង៖ មានទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យរបស់ខ្លួន ទទួលព័ត៌មានអំពីបច្ចេកវិទ្យាឌីជីថលពី ក.ប.ទ. និងប្រភពផ្សេងៗ ហើយសមាជិកក៏អាចទទួលការបណ្តុះបណ្តាល ពី ក.ប.ទ. ព្រមទាំងទទួលឱកាសអាចស្វែងរកការងារទាំងក្នុងនិងក្រៅប្រទេស។
៥. សម្រាប់ប្រជាពលរដ្ឋ៖ លើកកម្ពស់គុណភាពជីវិត តាមរយៈការរៀនសូត្រ ពង្រីកចំណេះដឹង បទពិសោធ ទំនាក់ទំនងសង្គម និងឱកាសទទួលបានការងារល្អ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សាធារណជនទាំងអស់ មេត្តាចូលរួមប្រើប្រាស់ និងទាញយកប្រយោជន៍ពីថ្នាលសហគមន៍ឌីជីថលកម្ពុជានេះ ឱ្យបានជាអតិបរមា៕