2023-12-16 12:12
111

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់បើករថយន្តចេញពីហូបការបងប្អូនត្រឡប់មកដល់ផ្ទះវិញ ហើយពេលប្តីចូលក្នុងផ្ទះ ឯប្រពន្ធទៅអង្គុយលេងនៅមុខផ្ទះអ្នកជិតខាងមួយភ្លែតដោយភ្លេចដកសោត្រូវបានបុរសជាជនសង្ស័យម្នាក់ចូលទៅក្នុងរថយន្តព្យាយាមបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមឃាត់បានវិញទាំងជនសង្ស័យនិងរថយន្តនៅខណ្ឌជ្រោយចង្វា។

  ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង៨យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្បែរផ្សារសុភមង្គល បុរីសន្តិភាពពីរ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

   សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះ ហុង សុវណ្ណ: អាយុ ៤៥ឆ្នាំ មុខរបរបុគ្គលិកលក់ថ្នាំពេទ្យ រស់នៅផ្ទះកើតហេតុ និងប្រពន្ធឈ្មោះ ខុក វួចហេង អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ។

ប្រភពព័ត៌មានពីស្រ្តីជាប្រពន្ធបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់និងប្តី បានបើករថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកមាសមួយគ្រឿងពាក់ស្លាកភ្នំពេញ 2E-8029 ចេញពីហូបការបងប្អូននៅក្នុងបុរីធូលនផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ  ខណៈបើកមកដល់ខាងមុខផ្ទះក៏បានឈប់រថយន្ត ហើយប្តីគាត់បានដើរចូលទៅក្នុងផ្ទះ ចំណែករូបគាត់ជាប្រពន្ធវិញបានមកអង្គុយលេងនៅខាងមុខផ្ទះអ្នកជិតខាង ទាំងដែលមិនបានដកសោចេញពីក្នុងរថយន្ត ពេលនោះដែរស្រាប់តែមានបុរសជាជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណបានដើរមកពីក្រៅ រួចក៏រត់ចូលទៅក្នុងរថយន្តបើកចេញពីកន្លែងកើតហេតុតែម្តង ភ្លាមៗនោះដែររូបគាត់ក៏បានរត់ទៅតោងរថយន្តនិងស្រែកឆោឡោឱ្យអ្នកភូមិជួយ តែដោយជនសង្ស័យបានបង្កើនល្បឿនបើកគេចខ្លួនបាត់រហូតទៅដល់ខណ្ឌជ្រោយចង្វាត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រដេញតាមឃាត់បានទាំងជនសង្ស័យនិងរថយន្តកាមរីឆ្លាមមកវិញ។

   បន្ទាប់ពីកើតហេតុភ្លាមៗ បុរសជាម្ចាស់រថយន្តក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២ ចំណែកជនសង្ស័យនឹងរថយន្តត្រូវបានសមត្ថកិច្ចនាំមកសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលជាកន្លែងកើតហេតុ រួចធ្វើលិខិតប្រគល់ឱ្យម្ចាស់វិញ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងសួរនាំដើម្បីចាត់ការបន្តតាមនីតិវិធី៕