2023-11-24 12:11
295

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោតសរសើររដ្ឋបាលខេត្តក្រចេះ ស្នងការនគរបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធមានវិធានដ៏ឆាប់រហ័យលើលោកមេប៉ុស្តិ៍ស្រែចារ ដែលឃាត់ការសម្ដែងល្ខោន ត្រូវបានដកបញ្ឈជើងជាបណ្តោះអាសន្ន និងបានចាត់ទុកថាវិធានការនេះ គឺ ជាគំរូសហការគាំទ្រសម្រាប់បណ្តាខេត្តផ្សេងៗទៀត ក្នុងការចូលរួមបង្កលក្ខណៈងាយស្រួលដល់ក្រុមសម្ដែងសិល្បៈមហាជន ក៏ដូចជាក្រុមសម្ដែងសិល្បៈថ្នាក់ជាតិ ក្នុងការរៀបចំការសម្តែងនៅតាមទីសាធារណៈនានា នៅទូទាំងប្រទេស។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លិខិតរបស់ក្រសួងវប្បធម៌ បានបានឲ្យដឹងថា យោងតាមព្រឹត្តិការណ៍ដែលបានកើតមានឡើងកន្លងមក នៅស្រុកស្នួល ខេត្តក្រចេះ ក្រុមសិល្បៈល្ខោនបាសាក់ «នាយប្រិមប្រិយស្រីម៉ៅ» បានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០១៥ ជាក្រុមសិល្បៈដែលមានអាសយដ្ឋានច្បាស់លាស់ និងមានការទទួលស្គាល់ពីសំណាក់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ។ មកទល់បច្ចុប្បន្នក្រុមសិល្បៈនេះបាននិងកំពុងបន្តផ្តល់សេវាកម្មជាផ្ទាំងទស្សនីយភាព ល្ខោនបាសាក់នៅតាមបណ្តាខេត្តក្រុងនានា។

«ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណចំពោះចំណាត់ការដ៏ឆាប់រហ័សរបស់ ឯកឧត្តម អភិបាលខេត្ត ក៏ដូចជារបស់ស្នងការនគរបាលខេត្ត ចំពោះព្រឹត្តិការណ៍ដែលបានកើតមាននៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដែលវិធានការនេះសរបញ្ជាក់ឱ្យឃើញពីការគាំទ្ររបស់ថ្នាក់ដឹកនាំខេត្ត ចំពោះសកម្មភាពសម្ដែងសិល្បៈ ទស្សនីយភាព ដែលជាផ្នែកមួយដ៏មានសារៈសំខាន់នៃប្រពៃណីវប្បធម៌ជាតិ ហើយដែលរាជរដ្ឋាភិបាលតែងតែផ្តល់ការគាំទ្រ។ វិធានការនេះ គឺជាគំរូសហការគាំទ្រសម្រាប់បណ្តាខេត្តផ្សេងៗទៀត ក្នុងការចូលរួមបង្កលក្ខណៈ ងាយស្រួលដល់ក្រុមសម្ដែងសិល្បៈមហាជន ក៏ដូចជាក្រុមសម្ដែងសិល្បៈថ្នាក់ជាតិ ក្នុងការរៀបចំការសម្តែងនៅតាម ទីសាធារណៈនានានៅទូទាំងប្រទេស» ។ នេះបើយោងតាមលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រសួងវប្បធម៌បានបញ្ជាក់បន្ថែមទៀតថា «ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមស្នងការនគរបាលខេត្ត និង សមត្ថកិច្ចពាក់ព័ន្ធចំពោះវិធានការ ដែលបានដាក់ចេញដ៏ឆាប់រហ័ស និងកិច្ចសហការដ៏ល្អ ចូលរួមដល់កិច្ចការអភិរក្ស និងលើកកម្ពស់សិល្បៈវប្បធម៌ដ៏ផូរផង់របស់ជាតិ»។ 

សូមជម្រាបថា លោកមេប៉ុស្តិ៍ស្រែចារ នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ បានទៅឃាត់ការសម្ដែងសិល្បៈល្ខោនក្នុងពិធីបុណ្យកឋិនទានមួយ នៅវត្តអូរលុង ក្នុងភូមិអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានប្រជាពលរដ្ឋថតវីដីអូរបង្ហោះចែកចាយល្បីពេញបណ្តាញសង្គម បន្ទាប់កើតរឿងរ៉ាវអាស្រូវនេះ លោកស្នងការនគរបាលខេត្តក្រចេះ បានធ្វើការចាត់ក្រុមប្រឹក្សាវិន័យ ស្រាវជ្រាវ និងកោះហៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ មកសាកសួរបំភ្លឺជុំវិញរឿងហេតុនេះ ដោយលោកមេប៉ុស្តិ៍ទទួលកំហុសថា «ខ្លួនពិតជាបានសួររកលិខិត អនុញ្ញាត និងបង្កឲ្យមានការរំខានក្នុងការសម្ដែងពិតប្រាកដ»។ 

ក្រោយពីរកឃើញនូវកំហុសក្នុងការអនុវត្តតួនាទីភារកិច្ច ក្រុមប្រឹក្សាវិន័យ បានសម្រេចដាក់វិន័យកងកម្លាំងចំពោះលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ដោយផ្អាកការងារ និងតួនាទីជាបណ្ដោះអាសន្ន និងមកបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការផងដែរ៕