2023-11-10 05:11
341

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ដោយសារជិះម៉ូតូបុកពីក្រោយគោយន្តកែច្នៃដឹកស្រូវ ដែលឈប់ប្របចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។
   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លើផ្លូវក្រាលកៅស៊ូលេខ៣១៣០ស្ថិតក្នុងភូមិកញ្ឆែត ឃុំស្វាយរំពារ ស្រុកស្វាយទាប។

   យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះធុត សុវណ្ណបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិកញ្ឆែត ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩  ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N-០២២១ខូចខាតទាំងស្រុង។
   ចំណែកអ្នកបើកបរគោយន្តឈ្មោះ រិន គា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិថ្មី ឃុំខ្សែត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

   តាមសាក្សីបានអោយដឹងថា  មុនកើតហេតុមានគោយន្តកែច្នៃដឹកស្រូវមួយគ្រឿងបើកក្នុងទិសដៅពីលិចទៅកើត ហើយបានឈប់ចតប្របចិញ្ចើមផ្លូវដើម្បី លើកស្រូវដាក់លើគោយន្ត ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដា  ឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N-០២២១បើកក្នុងទិសដៅស្របទិសគ្នាក៏បុកពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។

   ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងបានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយទាំងពីរគ្រឿងសមត្ថកិច្ចបានអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីចាត់ការបន្តតាមច្បាប់៕