2023-12-06 10:12
215

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានឱ្យក្រសួងរ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា អនុវត្តការអនុគ្រោះថ្លៃលក់អគ្គិសនីសម្រាប់បរិមាណអគ្គិសនី ដែលប្រើប្រាស់លើសពីមធ្យមភាគ ក្នុងរយៈពេល ៣ខែ (ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤) ដើម្បីជម្រុញឱ្យអ្នកធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍ នៅក្នុងរដូវចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ រយៈពេលនេះ អាចបន្ថែមទៀត អាស្រ័យលើលទ្ធភាពហិរញ្ញវត្ថុរបស់អគ្គិសនីកម្ពុជា។
   យោងតាមសេចក្តីជូនដំណឹងរបស់ អាជ្ញាធរអគ្គិសនីកម្ពុជា ស្តីពី ការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់អគ្គិសនី ក្នុងវិស័យទេសចរណ៍ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលភ្ជាប់ពីខ្សែបណ្តាញចែកចាយប្រភពពីបណ្តាញជាតិ ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ នឹងបញ្ចុះថ្លៃអគ្គិសនី ១៥% ចំពោះបរិមាណថាមពលដែលប្រើលើសពីការប្រើមធ្យមក្នុងរយៈពេល ៦ ខែ កន្លងមក របស់អ្នកប្រើប្រាស់អគ្គិសនី ប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍ តាមគោលការណ៍ និង លក្ខខណ្ឌ ដូចខាងក្រោម៖
១. អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍៖ អ្នកប្រើប្រាស់ធុនតូច ទិញពីខ្សែបណ្តាញចែកចាយ LV សាធារណៈ រួមមាន សណ្ឋាគារ និងផ្ទះសំណាក់ (មានអត្រាថ្លៃលក់ជារៀល) - អ្នកប្រើប្រាស់ធុនមធ្យម ទិញតាមនាឡិកាស្ទង់តង់ស្យុងទាប ឬតង់ស្យុងមធ្យម មានអត្រាថ្លៃលក់ជាដុល្លារ), អតិថិជនធុនធំ ទិញពីទ្វារចរន្តតង់ស្យុងមធ្យមនៃអនុស្ថានីយ, អតិថិជនធុនដុំ ទិញពីខ្សែបណ្តាញតង់ស្យុងខ្ពស់។ ក្នុងនោះអគ្គិសនីកម្ពុជា លើកលែងតែអតិថិជនពាណិជ្ជកម្ម អាជីវកម្ម មួយចំនួនដូចជា គ្រឹះស្ថានសិក្សា វិស័យសុខា ភិបាល គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនដឹកជញ្ជូន អគាររដ្ឋបាល ជាដើម មិនទទួលបានការបញ្ចុះថ្លៃនេះទេ។
២. លក្ខខណ្ឌដែលត្រូវបញ្ចុះថ្លៃ៖ បញ្ចុះថ្លៃអគ្គិសនី ១៥% សម្រាប់បរិមាណថាមពលអគ្គិសនីប្រើប្រចាំខែដែលលើសពីមធ្យម ភាគក្នុងរយៈពេល ៦ (ប្រាំមួយ) ខែ កន្លងមក ក្នុងលក្ខខណ្ឌធម្មតាការបញ្ចុះថ្លៃនេះ ចំពោះតែបរិមាណថាមពលអគ្គិសនី (kWh) ដែលប្រើលើស ប៉ុណ្ណោះ ។
៣- រយៈពេលដែលត្រូវបញ្ចុះថ្លៃ៖ ចំពោះថាមពលដែលប្រើនៅខែធ្នូ ឆ្នាំ២០២៣ ដល់ ខែកុម្ភៈ ឆ្នាំ២០២៤ រយៈពេលនេះ អាចបន្ថែមទៀត អាស្រ័យលើលទ្ធភាពហិរញ្ញវត្ថុរបស់អគ្គិសនីកម្ពុជា។
   អាជ្ញាធរអគ្គិសនីកម្ពុជា បានអំពាវនាវចំពោះអ្នកប្រើប្រាស់អគ្គិសនី ដែលយល់ថា ការប្រើប្រាស់អគ្គិសនីរបស់ខ្លួនស្របតាមលក្ខខណ្ឌខាងលើ អាចដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់ដែលឋិតក្នុងតំបន់ដែលខ្លួនកំពុងប្រើអគ្គិសនី ដើម្បីទទួលបានការបញ្ចុះថ្លៃនេះ៕