2024-04-09 02:04
34

ភ្នំពេញ៖ បុរសម្នាក់បេីកឡំប្រឺតាដឹកបុរសជនបរទេសជាភ្ញៀវម្នាក់ធ្វើដំណើរក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់នឹងរថយន្តម៉ាក Ford TERRITORY ដែលបើកឆ្លងផ្លូវចំពាក់កណ្តាលទ្វារចំហៀងខាងស្តាំពេញទំហឹងបណ្តាលឱ្យម្ចាស់កង់បីនិងអ្នករួមដំណើរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។

  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១:៥០នាទីយប់ថ្ងៃទី០៨ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥២៨កែងផ្លូវលេខ២៨៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

   ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Ford TERRITORY ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BY-3276 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀតធ្វើដំណើរចេញពីផ្លូវលេខ២៨៧ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បានបើកឆ្លងផ្លូវបំបែកជាបួន ខណៈពេលឆ្លងដល់កណ្តាលផ្លូវស្រាប់តែមានឡំប្រឺតាមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ1GW-8205បើកដោយបុរសម្នាក់បានដឹកបុរសម្នាក់ទៀតជាជនបរទេសធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥២៨ពីលិចទៅកើតក្នុងល្បឿនលឿន ពេលបើកមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់រថយន្តចំពាក់កណ្តាលទ្វារចំហៀងខាងស្តាំយ៉ាងពេញទំហឹងបណ្តាលឱ្យក្រពឹតរងការខូចខាតនិងផ្ទុះពោងសុវត្តិភាព។ ចំណែកឡំប្រឺតាវិញបានរួញផ្នែកខាងមុខខូចខាតយ៉ាងដំណំ និងរងរបួសធ្ងន់ទាំង២នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ ។ ចំណែកអ្នកបើករថយន្តត្រូវសមត្ថកិច្ចឃាត់បាន។

   ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តនិងឡំប្រឺតាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទុកឱ្យភាគីទាំងសងខាងសម្រួលគ្នានៅពេលក្រោយ៕