2023-08-01 11:08
155


ភ្នំពេញ៖ កម្លាំងស្នងការដ្ឋាននគរបាលផ្នែកការងារសន្ដិសុខរាជធានីភ្នំពេញ បានឃាត់ខ្លួនស្ត្រីម្នាក់ដែលតាំងខ្លួនជាព្រះម៉ែ និយាយផ្ទាល់(live )តាម តិក តុក (TikTok) ធ្វើឱ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីកម្ពុជា យកមកអនុវត្តតាមនីតិវិធីច្បាប់។ 


មន្រ្តីនគរបាលជំនាញ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ  ភី អ៊ូក នៅភូមិត្រពាំងក្រសាំង សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃាត់ខ្លួនកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅភូមិត្រពាំងក្រសាំង សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
មន្រ្តីដដែលបានឱ្យដឹងទៀតថា ស្រ្តីរូបនេះ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីញុះញង់បង្កឱ្យមានភាពវឹកវរប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថមន្ត្រីរាជការសាធារណៈ ។បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនខ្លួនស្ត្រីរូបនេះទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕