2023-08-31 02:08
161

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសផ្អាកការផ្ទេរភារកិច្ចមន្ត្រីចេញ-ចូល និងតែងតាំងមុខតំណែងមួយចំនួនក្នុងក្រសួងជាបណ្តោះអាសន្នសិន ដោយរងចាំការសិក្សាពិនិត្យ និងរៀបចំរចនាសម្ព័ន្ធមួយឱ្យបានរឹងមាំសិន ពុំដូច្នេះការផ្ទេរចុះផ្ទេរឡើងមិនចេះចប់នោះទេ។

ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសផ្អាកបណ្តោះអាសន្នការផ្ទេរមន្ត្រីចេញ-ចូលក្រសួងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នេះ ក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ។

នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា “ខ្ញុំសុំទោសទុកជាមុខចំពោះឯកឧត្តមថ្នាក់ដឹកនាំបណ្តាក្រសួងផ្សេងៗជាពិសេសក្រសួងមហាផ្ទៃ ក្នុងការផ្ទេរមន្ត្រីចូល ត្រូវផ្ទេរចញ ផ្ទេរទៅតាមបណ្តាអគ្គ ឬមួយតែងតាំងជាអគ្គរងផ្សេងទៀត ត្រូវបានផ្អាកជាបណ្តោះអាសន្នសិន”។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា “ចំពោះការផ្អាកផ្ទេរចេញ-ចូល តែងតាំងជាបណ្តោះអាសន្ននេះ ដោយសារទី១- ដោយសារឯកឧត្តមផ្ទាល់ទើបមកកាន់ការងារថ្មី ទើបបាន ៨ថ្ងៃប៉ុណ្ណោះ។ អញ្ចឹងក្នុងការផ្អាកក្នុងផ្ទេរនេះជាបណ្តោះអាសន្នរងចាំការវាយតម្លៃបន្ថែម ដើម្បីឱ្យអ្នកថ្មីមានភាពរឹងមាំ រឹងចិត្តក្នុងការរៀបចំរចនាសម្ព័ន្ធមួយរបស់ខ្លួនដែលគិតថាអាចនឹងធ្វើបាន”។

ឯកឧត្តមបណ្ឌិត ស សុខា បានបញ្ជាក់ថា “បើយើងចេះតែបន្តុបការបែងចែកតួនាទភារកិច្ចវាអត់ចប់ អញ្ចឹងត្រូវត្រូវឱ្យគាត់បញ្ចប់មុខងារនេះ ឥឡូវប្រគល់ការងារនេះឱ្យទៅគាត់ ព្រោះត្រូវទទួលខុសត្រូវចំពោះប្រមុខរដ្ឋាភិបាលជាពិសេសរដ្ឋមន្ត្រីក្រសួងរបស់ខ្លួន។ អញ្ចឹងបើយើងចេះតែបន្តុប ឬផ្ទេរណាមួយយើងគួរតែពិនិត្យឡើងវិញ ដើម្បីមានភាពយោបយល់ទាំងសងខាង”។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា “គិតត្រឹមម៉ោងនេះនៅលើតុរបស់បណ្ឌិត ចាន់់ អ៊ាន ក៏ច្រើន ខទ្ទការណ៍ល័យក៏ច្រើន ខាងនាយឧត្តសេនីយ៍ ស ថេត ក៏ច្រើន និងឯកឧត្តមផ្ទាល់ក៏ច្រើនដែរ ប៉ុន្តែមិនទាន់ហ៊ានអាកាត់អីនៅឡើយទេ”។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្តាំផ្ញើថា «តាងនាមរាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងការកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ បានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខ ជាពិសេសគ្រប់កាលៈទេសៈ ការលំបាក និងពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋនាពេលកន្លងមក ក្រោមការដឹកនាំដោយផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង នាអាណត្តិទី៦ កន្លងទៅបានដឹកនាំកសាងស្ថាប័នក្រសួងមហាផ្ទៃ និងពង្រឹង បណ្ដុះបណ្ដាលមន្ដ្រីប្រកបដោយជំនាញវីជ្ជាជីវៈ ប្រកបដោយសីលធម៌ ក្លាយជាកម្លាំងបង្អែកដ៏រឹងមាំ ក្នុងការបម្រើសេវាសាធារណៈ និងការចូលរួមថែរក្សាសន្ដិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមទាំងមូល គ្រប់កាលៈទេសៈ សំដៅរួមបង្កបរិយាកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យនាពេលបច្ចុប្បន្ន»។

ទន្ទឹងនឹងនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានកោតសរសើរចំពោះ ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ នាអាណត្តិថ្មី ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងតួនាទី មុខតំណែងដែលបានប្រគល់ជូននាពេលកន្លងមកផងដែរ៕