2023-08-17 10:08
134

 

ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល ប្រធានគណៈបញ្ជាការឯកភាពស្រុកនិងជាអភិបាលស្រុករមាសហែកបានជំរុញដល់រដ្ឋបាលឃុំទាំង១៦ក្នុងស្រុករមាសហែកត្រូវបន្តខិតខំជំរុញអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលមានលក្ខណសម្បត្តិទាំង៧ ពិសេសបន្តជំរុញរៀបចំវេទិកាសាធារណៈនៅតាមឃុំឱ្យបានជាប់ជាប្រចាំ និងពង្រឹងចលនាប្រជាការពារឱ្យមានដំណើរការល្អ ព្រមទាំងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពខ្ពស់។

ការជំរុញបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅអនុវត្តបន្តប្រចាំខែកញ្ញាឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់លោកលោកស្រីអភិបាលរងស្រុក លោកអធិការនគរបាលស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ លោកនាយក នាយករងរដ្ឋបាលស្រុក លោកលោកស្រីជាមេឃុំលោកមេប៉ុស្តិ៍រដ្ឋបាលនិងមន្ត្រីរាជការចំណុះអោយរដ្ឋបាលស្រុករមាសហែកជាច្រើននាក់ទៀត។

លោកស៊ូ ម៉ុល បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរនិងកងកម្លាំងពាក់ព័ន្ធទាំងអស់តាមបណ្ដាឃុំទាំង១៦ដែលបានសហការគ្នាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នាពេលកន្លងទៅថ្មីៗមកនេះ។

លោកអភិបាលស្រុកបន្តថា អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការហាមឃាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នានា ត្រូវផ្សព្វផ្សាយអំពីជំងឺផ្តាសាយបក្សីដែលកើតមាននៅប្រទេសវៀតណាម ទប់ស្កាត់នូវជំងឺCovid-19 ប្រភេទថ្មី ( អូមីក្រុង ) តាមរយៈវិធានការអនាម័យរបស់ក្រសួង សុខាភិបាល ៣កុំ ៣ ការពារ។
 

ពិសេស រដ្ឋបាលស្រុកឃុំនិងអង្គភាពពាក់ព័ន្ធត្រូវមានវិធានការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ពិសេសគ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់និងទឹកជំនន់។ បន្តជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំពោះអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពនិងមិនបំពាក់កញ្ចក់មើលក្រោយ។ ត្រូវបន្តជំរុញការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការឱ្យបានឆាប់រហ័ស ទៀងទាត់ និងទាន់ពេលវេលា។

លោកបន្ថែមថា ចំពោះការិយាល័យអប់រំ យុវជននិងកីឡាស្រុករមាសហែកត្រូវប្រជុំគណៈគ្រប់គ្រងសាលាមួយខែ១ដង ពង្រឹងការគ្រប់គ្រងសាលារៀន ពង្រឹងការគ្រប់គ្រងបុគ្គលិកអប់រំចុះពិនិត្យតាមដានការអនុវត្តការប្រើប្រាស់ថវិកាកម្មវិធីតាមសាលារៀន ចុះពិនិត្យតាមដានការអនុវត្តការងាររបស់សាលារៀន ត្រូវចូលរួមសកម្មភាពនានាក្នុងសង្គម ចុះរាល់សកម្មភាពសាងសង់សំណង់ផ្សេងៗនិងតាមដានរាល់ព័ត៌មានផ្លូវការរបស់ថ្នាក់លើ។

លោកក៏បានបន្តជំរុញការងារអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានឆាប់ត្រឹមត្រូវ និងមិនយកកម្រៃសេវាពីប្រជាពលរដ្ឋខុសពីច្បាប់កំណត់ឡើយ បន្តការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានិងឆាប់រហ័សនិងរៀបចំឯកសារកែតម្រូវបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ។ ចំពោះការិយាល័យច្រកចេញចូលតែមួយត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ត្រូវបន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអាជីវករឱ្យមកទទួលសេវារដ្ឋនៅច្រកចេញចូលតែមួយ។ បន្តចុះជំរុញនិងពិនិត្យទីតាំងស្នើសុំបើកឬបន្តសុពលភាពសេវារដ្ឋបាលជាប្រចាំ ។ ចំណែកការិយាល័យប្រជាពលរដ្ឋត្រូវចុះបើកប្រអប់សំបុត្រនៅតាមឃុំ និងស្រុកទាំង១៨ប្រអប់៕