2023-08-17 06:08
260

 

ខេត្តព្រះវិហារ ៖ ហេតុអីលោកគ្រូបង្រៀន ចិញ្ច្រាំប្រហុកនៅក្រៅម៉ោងសិក្សាដោយយកទង់ជាតិខ្មែរយកទៅទ្រាប់លើជ្រុញ ? ជាអំពើប្រព្រឹត្តដោយអចេតនា ឬចេតនាអ្វីមួយ ? នេះជាវិធានបទ ដែលត្រូវរកអោយឃើញមូលហេតុ  ! 
     សូមបញ្ជាក់ថា, វីដេអូឃ្លីបអំពីលោកគ្រូមុខវិទ្យាភាសាខ្មែរម្នាក់ដែលបង្រៀននៅអនុវិទ្យាល័យជ័យសែន ខេត្តព្រះវិហារ បង្រៀនចិញ្ច្រាំប្រហុកនៅក្រៅម៉ោងសិក្សាដោយយកទង់ជាតិខ្មែរយកទៅទ្រាប់លើជ្រុញ ទទួលបានការរិះគន់ពីអ្នកលេងបណ្តោញសង្គមហ្វេសប៊ុកជាច្រើន។ ប្រធានមន្ទីរអប់រំខេត្តព្រះវិហារចាត់ទុកសកម្មភាពនេះថាមិនអាចទទួលយកបាន និងកោះហៅមកសួរនាំនិងធ្វើកិច្ចសន្យា។
    តាមរយៈវីដេអូ លោកគ្រូភាសាខ្មែរម្នាក់បានថតវីដេអូបង្រៀនពីរបៀបចិញ្ច្រាំប្រហុកបែបស្រុកស្រែ បានទាក់ទាញអ្នកតាមដានជាច្រើន ហើយក៏មានមហាជនបានរិះគន់ថាមិនគួរយកទង់ជាតិខ្មែរដែលជាតំណាងព្រលឹងខ្មែរយកទៅទ្រាប់ធ្វើជាក្រណាត់ទ្រាប់ជ្រុញនោះទេ បើទោះបីទង់ជាតិនោះចាស់ ឬឈប់ប្រើក៏ដោយ ក៏ត្រូវបត់រក្សាទុកដែរ ពោលមិនត្រូវយកមកធ្វើផ្តេសផ្តាសនោះទេ។
     ពាក់ព័ន្ធនឹងរឿងនេះ អ្នកនំាពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ប្រាប់ សារព័ត៌មាន អោយដឹងថា មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារកំពុងតែពិនិត្យលើករណីនេះ។
     ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ លោក ចេង លឹមហ៊ាន់ បានថ្លែងប្រាប់ សារព័ត៌មាន ថាលោកបានប្រាប់ទៅប្រធានការិយាល័យអប់រំស្រុកនៅព្រឹកនេះឱ្យទៅអញ្ជើញហៅលោកគ្រូនោះមកសួរនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ធ្វើបែបនេះតទៅទៀត ពីព្រោះជាទង្វើដែលប្រមាថដល់ជាតិខ្មែរ។
     សម្រាប់លោកប្រធានមន្ទីរអប់រំខេត្តព្រះវិហារ ក៏មិនអាចទទួលយកបានឡើយនូវសកម្មភាពនេះ ដោយលោកថា ក្នុងនាមជាគ្រូបង្រៀនម្នាក់មិនត្រូវយកទង់ជាតិខ្មែរមកធ្វើបែបនេះឡើយ ខណៈទង់ជាតិខ្មែរគឺតំណាងឱ្យដួងព្រលឹងខ្មែរ និងជាអត្តសញ្ញាណខ្មែរ។លោកថ្លែងថា៖ «ទង់ជាតិនៅពេលដែលចាស់ឈប់ប្រើ រហែកក៏ដោយ មិនរហែកក៏ដោយ ឈប់ប្រើគឺបត់ទុកដាក់ក្នុងទូរទៅ មិនត្រូវយកមកជូតតុ ជូតកៅអីទេ ពីព្រោះហ្នឹងគឺជាអត្តសញ្ញាណជាតិ ជានិមិត្តសញ្ញាព្រលឹងរបស់ជាតិដែលគេទទួលស្គាល់ជាផ្លូវការ ដែលគេសឹងតែគោរពថ្វាយបង្គំ»។
     សូមជម្រាបជូនថា, ទង្វើលោកគ្រូនេះ មានចេតនាអាក្រក់ណាមួយ ដែលខ្លួនធ្វើទាំងបំពាន ហើយដឹងថា នេះក៏ជាអំពើមិនគម្បី ដែលមានបទល្មើសផងដែរ ៕