2024-03-25 04:03
49

ខេត្តកំពង់ស្ពឺ៖ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លក្នុងឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ស្ថិតក្នុងសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៤ ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំក្រុមការងារថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤ ដើម្បីទទួលខុសត្រូវលើការត្រួតពិនិត្យវឌ្ឍនភាពការងារនៅបរិវេណរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល។

លោក វ៉ី សំណាង បានលើកឡើងថា ព្រះរាជពិធីច្រត់ព្រះនង្គ័លសំខាន់ណាស់ បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុក ទេសទៅតាមការបរិភោគរបស់ (គោឧសភរាជ)។ ម្យ៉ាងវិញទៀត ព្រះរាជពិធីបុណ្យនេះក៏ជាការដាស់តឿនក្រើនរំឭកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្ម ឱ្យបានដឹងថា រដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។

លោក វ៉ី សំណាង បានជំរុញដល់អាជ្ញាធរដែនដី មន្ទីរអង្គភាពនានា សមត្ថកិច្ច ត្រូវសហការគ្នារៀបចំហេដ្ឋារចនាសម្ព័ន្ធ សណ្ដាប់ធ្នាប់ សន្តិសុខឱ្យមានភាព ល្អប្រសើរនៅជុំវិញបរិវេណរៀបចំព្រះរាជពិធី ការរៀបចំសាងសង់ព្រះពន្លាជ័យ ការថែទាំស្មៅ និងស្រូវឱ្យមាន ការលូតលាស់ល្អ តាមរយៈការស្រោចទឹកឱ្យបានទៀង ទាត់ កន្លែងស្នាក់នៅរបស់គោឧសភរាជ ជាពិសេសពង្រឹងការរៀបចំផ្លូវចូលទៅកាន់ទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធីឱ្យមានលក្ខណៈល្អប្រសើរ និងមានសុវត្ថិភាព។ 

ម្យ៉ាងវិញទៀត នៅតាមមន្ទីរ អង្គភាព និងតាមដងផ្លូវ ត្រូវរៀបចំទង់ជ្វាលា និងដាក់តាំងនូវព្រះរាជសកម្មភាពរបស់ព្រះករុណានៅតាមផ្ទាំងផ្សព្វផ្សាយនានា ពិសេសព្រះរាជសកម្មភាពច្រត់ព្រះនង្គ័ល ដែលនឹងប្រារព្ធឡើងនៅក្នុងឆ្នាំនេះ ធ្វើយ៉ាងណាឱ្យខេត្តមានសោភ័ណភាពល្អ៕