2024-03-08 03:03
75

កំពង់ស្ពឺ៖យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអធម៌ ខណៈពីរនាក់ទៀតរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ៣គ្រឿងបុកគ្នាពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី ព្រឹកថ្ងៃទី៨ខែមីនាឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៦-៥៧ ត្រង់ចំណុចភូមិវល្លិប្រេង ឃុំកាហែង  ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ មួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1U-6523  អ្នកបើកបរឈ្មោះ               ម៉ម ចាន់នី ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិស្ដុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  (ស្លាប់) បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បានប៉ះជាមួយម៉ូតូ មួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1Y-3326 បើកបរដោយឈ្មោះ ជួង ចន្ថា ភេទប្រុស អាយុ ២២ឆ្នាំរស់នៅភូមិស្រែត្រែង ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (របួសធ្ងន់) ក្នុងទិសដៅបញ្រ្ចាស់គ្នា និងបានដួលប៉ះម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៍ស ពាក់ផ្លាកលេខកំពង់ស្ពឺ 1M-6773 បើកបរដោយឈ្មោះ ចន សុខនី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែជ្រៅ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ( រងរបួសស្រាល) ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅជួយអន្តរាគមន៍និងបានហៅរថយន្ត                សាម៊ុយមកដឹកបញ្ជួនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។ចំណែកវត្ថុតាងម៉ូតូទាំង៣គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងរួចបានអូសយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ រីឯសពប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។